ក្រសួងវប្បធម៌បញ្ជាក់ជាថ្មីពីការរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធា នបទ “ ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ “
AKP ភ្នំពេញថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៦--ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹងជាថ្មីនៃសេចក្តីជូនដំណឹងស្តីពីសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ៖«ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌បានបញ្ជាក់ថា៖ក្រសួង នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នៅថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងបានបន្តឱ្យដឹងថាសាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ ព្រមទាំងសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ អ្នកច្នៃម៉ូតសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកដែលប្រកបមុខរបរពាក់ព័ន្ធ និងប្រហាក់ ប្រហែល អាចចុះឈ្មោះតាមរយៈការស្កេន QR Code ដូចភ្ជាប់មកជាមួយ និងសូមឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី។
គួរបញ្ជាក់ថាសិក្ខាសាលាតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹងអំពីស្បៃខ្មែរ និងរបៀប ប្រើប្រាស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តម និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង និង របៀបប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរអត្តសញ្ញាណជាតិ ដែលយើងត្រូវតែរួមគ្នាលើកតម្កើង ថែរក្សា អភិរក្ស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

ដោយ៖មករា





