បទយកការណ៍៖ កម្ពុជា បង្ហាញការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»។
តាមរយៈការរៀបចំសន្និសីទអន្តរជាតិនេះ កម្ពុជា នឹងរំលេចអំពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបន្តបោសសម្អាតអំពើល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
បើតាមអ្នកជំនាញបានឱ្យដឹងថា ការរៀបចំសន្និសីទអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តន៍ច្បាប់មកពីបណ្តាប្រទេសនានាឱ្យមកអង្គុយជុំគ្នា ធ្វើការសិក្សា ពិភាក្សា និងលើកជាទស្សនៈរួម ក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ។


មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គោលបំណងចម្បងៗចំនួន៣ សម្រាប់ការរៀបចំសន្និសីទអន្តរជាតិនេះ រួមមាន៖ ទី១. ស្វែងយល់ ដោយយល់ដឹងឱ្យកាន់តែច្បាស់អំពីការវិវត្តដ៏ស្មុគស្មាញ និងឆាប់រហ័សនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២. បង្កើនកិច្ចសហប្រតិបត្តិការ ដោយសារបទល្មើសនេះជាបទល្មើសឆ្លងដែនដ៏ស្មុគស្មាញ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំង ឬបង្ក្រាបបានដោយម្នាក់ឯងនោះឡើយ។ ទី៣. ផ្លាស់ប្តូរបទពិសោធន៍ ដោយចែករំលែកចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ជាក់ស្តែងក្នុងប្រតិបត្តិការនីមួយៗ ខណៈកម្ពុជា ដែលជាប្រទេសរងគ្រោះ និងធ្លាប់ឆ្លងកាត់បទពិសោធន៍នេះ ក៏ចង់ចែករំលែកមេរៀនទាំងនេះ ដោយកម្ពុជា រំពឹងថានឹងក្លាយជាប្រទេសនាំមុខមួយក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ស្មុគស្មាញមួយនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការខ្លឹមសារ បានគូសបញ្ជាក់ថា អនឡាញ ស្គែម គឺជាបញ្ហាមួយដ៏ស្មុគស្មាញ ប្រទាក់ក្រឡា មានបណ្តាញអង្គការចាត់តាំងពីប្រទេសមួយទៅប្រទេសមួយ ហើយជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្ដមបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលសម្រេចរៀបចំជាសន្និសីទអន្តរជាតិនេះ គឺដើម្បីប្រមូលនូវមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេស ក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្ត្រីអនុវត្តន៍ច្បាប់ ដើម្បីមកអង្គុយជាមួយគ្នាធ្វើការសិក្សា ពិភាក្សា និងលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្ដមបានពន្យល់ផងដែរថា ហេតុអ្វីបានជាយើងត្រូវជ្រើសរើសយកមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» សម្រាប់សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយសារថា៖ «ទី១. ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាមួយដ៏ស្មុគស្មាញ ជាបញ្ហាមួយដែលមានការប្រទាក់ក្រឡា ជាបញ្ហាមួយដែលមានបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ជាបញ្ហាមួយដែលសកម្មភាពនោះធ្វើឆ្លងពីប្រទេសមួយទៅប្រទេសមួយ ទី២. កង្វះខាតនៃច្បាប់ ទី៣. ច្បាប់នៃប្រទេសនីមួយៗគឺមានភាពខុសៗគ្នា ទី៤. មន្ត្រីអនុវត្តន៍ច្បាប់ ពេលដែលគាត់អនុវត្តន៍ច្បាប់ទៅ គឺគាត់មិនអាចធ្វើអ្វីហួសព្រំដែនរបស់គាត់បានទេ»។
ឯកឧត្តម ម៉ុក ច័ន្ទសុធា លើកឡើងថា មានតែការរួមគ្នាកាត់ផ្តាច់ច្រវាក់ ឬកាត់ផ្តាច់ទំនាក់ទំនងទេ ទើបអាចឈានទៅដល់ការបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះបាន ខណៈប្រទេសមួយតែម្នាក់ឯងមិនអាចធ្វើការងារនេះបានឡើយចាំបាច់ត្រូវរួមគ្នា គាំទ្រគ្នា ចែករំលែកបទពិសោធន៍ឱ្យគ្នា និងជួយបណ្តុះបណ្តាល គ្នា ដើម្បីការបំពេញការងារនេះដោយជោគជ័យ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងទៀតថា៖ «ការប្រយុទ្ធប្រឆាំងបទល្មើសនេះត្រូវឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក គោរពច្បាប់ និងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ដោយមិនអាចយកហេតុផលនៃបទល្មើសទៅរំលោភបំពានប្រទេសផ្សេងបានឡើយ ជាពិសេសត្រូវចៀសវាងការចោទប្រកាន់ និងទម្លាក់កំហុសដាក់គ្នា ប៉ុន្តែត្រូវបង្កើនការគាំទ្រ និងលើកទឹកចិត្តដល់ប្រទេសដែលខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង»។

ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំធ្វើតាំងពីចុងរាជរដ្ឋាភិបាលអាណត្តិទី៦ មកដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយបានចាត់ទុកការងារនេះជាអាទិភាពផ្នែកសន្តិសុខជាតិ ដោយប្រើប្រាស់វិធីសាស្ត្រឆ្លើយតបជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងពីគ្រប់តួអង្គនៅក្នុងសង្គម ព្រមទាំងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ និងយុទ្ធនាការបោសសម្អាតនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះសកម្មភាពនៃការបង្ក្រាបត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លា រហូតមកទល់នឹងពេលនេះទីតាំងស្កែម (Scam) ធំៗចំនួន ៨៦កន្លែង ដែលបានស្រាវជ្រាវ និងរាយការណ៍ដោយអង្គការក្រៅរដ្ឋាភិបាល ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប និងលុបបំបាត់ទាំងស្រុង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «កម្ពុជា រៀបចំសន្និសីទនេះមិនមែនគ្រាន់តែជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយប៉ុណ្ណោះទេ តែវាជាការបង្ហាញឆន្ទៈនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា បង្ហាញអំពីការទទួលខុសត្រូវ និងបង្ហាញភាពបើកចំហយ៉ាងសំខាន់បំផុត ក៏ជាការអំពាវនាវដល់ប្រទេសដទៃទៀតឱ្យមានសកម្មភាពរួមរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនផងដែរថា បច្ចុប្បន្ន កម្ពុជា កំពុងបន្តទប់ស្កាត់ និងលុបបំបាត់សកម្មភាពតូចតាចដែលលួចលាក់ប្រព្រឹត្តនៅតាមហាងកាហ្វេ ផ្ទះសំណាក់ ឬខុនដូជាបន្តទៀត ហើយតាមរយៈសកម្មភាពនេះអន្តរជាតិបានទទួលស្គាល់ថា កម្ពុជា ជាប្រទេសដែលខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសនេះ ផ្ទុយពីពេលមុនដែលមានការលាបពណ៌កម្ពុជា ថាជាអ្នកដែលទទួលខុសត្រូវទៅលើបញ្ហានេះ ខណៈដែលកម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរនោះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «កម្ពុជា បានបើកសហការជាមួយនឹងពិភពលោក ដើម្បីដោះស្រាយបញ្ហានេះដូចជា ជាមួយប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀត»។
យោងតាមគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា រហូតមកដល់ពេលនេះ គឺមានការបញ្ជាក់ពីការចូលរួមក្នុងសន្និសីទអន្តរជាតិនេះពីប្រទេសជាង២០ ក្នុងនោះ មានដូចជា សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ប្រទេសមកពីអាហ្វ្រិក មកពីអឺរ៉ុប និងមានបណ្តាប្រទេសជាសមាជិកអាស៊ាន ផងដែរ។ ចំពោះការចូលរួម និងសហការគាំទ្រពីបណ្តាអង្គការអន្តរជាតិធំៗ ក៏មានដូចជា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តន៍ច្បាប់មេគង្គ-ឡានឆាង និងអង្គការអន្ដរជាតិផ្សេងៗទៀត។

ទាក់ទងនឹងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ឯកឧត្តម ហាយ មករា អគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យាបានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាពដោយសារតែយើងមើលឃើញថា បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលែងជាបទល្មើសប្រពៃណីទៀតហើយ ដោយបានប្រែក្លាយជាបទល្មើសមួយទៀតដោយផ្សាភ្ជាប់ជាមួយនឹងបទល្មើសចំនួន៣ទៀត រួមាន៖ ទី១. ការជួញដូរមនុស្ស ទី២. ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣.ការសម្អាតប្រាក់។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា៖ «តាមរយៈបទល្មើសទាំង៣នេះ យើងមើលឃើញថាវាគឺជានិន្នាការថ្មីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដោយយើងសង្កេតឃើញថាបទល្មើមិនត្រឹមតែគំរាមកំហែងដល់សន្តិជាតិរបស់កម្ពុជា នោះទេ តែវាក៏បានគំរាមកំហែងដល់សន្តិសុខរបស់ពិភពលោកផងដែរ»។


ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ឱ្យដឹងថា ផលប្រយោជន៍នៃការបង្ក្រាបនេះ គឺជាការស្តារកិត្តិយសរបស់កម្ពុជា ឡើងវិញ ហើយបញ្ហាស្កែមនេះគឺមិនបានផ្តល់ផលប្រយោជន៍អ្វីទាល់តែសោះដល់កម្ពុជា ផ្ទុយទៅវិញគឺជាការបំផ្លិចបំផ្លាញមុខមាត់ប្រទេសកម្ពុជា ហើយវាក៏ប៉ះពាល់ដល់វិស័យផ្សេងៗទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចុះនូវបេសកកម្មដ៏ធំមួយគឺការបង្ក្រាប និងលុបបំបាត់ការឆបោកអនឡាញនេះចេញពីប្រទេសកម្ពុជា និងបានប្រកាសច្បាស់ៗថា «កម្ពុជា មិនមែនជាឋានសួគ៌របស់ពួកឧក្រិដ្ឋជនអនឡាញឡើយ»៕

ដោយ៖ ចាន់ សុភឿន និង ប៊ុនរិទ្ធ





