រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំស្ត្រី
AKP កណ្ដាល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំស្ត្រីក្នុងមុខតំណែងនៃការសម្រេចចិត្ត ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ទំនុកចិត្ត និងជំនាញដឹកនាំរបស់មន្ត្រីជាស្ត្រី ឱ្យអាចចូលរួមក្នុងការសម្រេចចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តសលក្រោមអធិបតីភាព លោកស្រី ស៊ុន ស្រីនាង អភិបាលរង ខេត្តកណ្តាល ដោយ មានការចូលរួមពីតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រុមគ្រូឧទ្ទេស ព្រមទាំងអភិបាលរងក្រុង-ស្រុក នាយក-នា យករងរដ្ឋបាលក្រុង-ស្រុកជាស្ត្រី និងនាយិកា នាយិការងទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត។

ថ្លែងក្នុងពិធីនេះ លោកស្រី ស៊ុន ស្រីនាង បានថ្លែងអំណរគុណចំពោះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមគ្រូឧទ្ទេស ដែលបាននាំយកចំណេះដឹង និងបទពិសោធន៍មកចែករំលែកដល់សិក្ខាកាម ព្រមទាំងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយ ពេលវេលាចូលរួមសិក្សា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
លោកជំទាវអភិបាលរងខេត្ត បានបន្ថែមថា ការពង្រឹងភាពជាអ្នកដឹកនាំស្ត្រី មិនមែនផ្តោតតែលើការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងនោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងសមត្ថភាព ទំនុកចិត្ត ភាពម្ចាស់ការ និងការទទួលខុសត្រូវ ដើម្បីឱ្យស្ត្រីអាចចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអភិវឌ្ឍសង្គម។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជំនាញសំខាន់ៗដល់សិក្ខាកាម ក្នុងការវិភាគបញ្ហា ដោះស្រាយវិបត្តិ ប្រាស្រ័យទាក់ទង ធ្វើការជាក្រុម និងធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធ ភាព ដូច្នេះ សិក្ខាកាមគួរបើកចិត្តទូលាយ ចូលរួមសួរដេញដោល និងចែករំលែកបទពិសោធន៍ ដើម្បីយកចំ ណេះដឹងទៅអនុវត្តជាក់ស្តែងក្នុងការងារ។ ជាមួយគ្នានេះ លោកជំទាវបានផ្តាំផ្ញើឱ្យមន្ត្រីជាស្ត្រី ពង្រឹងទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេ ញមតិ និងចូលរួមក្នុងការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង និងទិន្នន័យ ព្រមទាំងបន្តរៀនសូត្រ និងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមទំនើប។

ស្ត្រីដែលកំពុងកាន់តួនាទីដឹកនាំ ត្រូវបង្កើតបណ្តាញគាំទ្រគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជួយបណ្តុះបណ្តាល និងបើកឱកាសដល់ស្ត្រីជំនាន់ក្រោយបានអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនសម្រាប់តួនាទីដឹកនាំនាពេលអនាគត ជាពិសេស ក្នុងមុខតំណែងដឹកនាំ គឺភ្ជាប់ជាមួយកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់សមត្ថភាព និងតួនាទីរបស់ខ្លួន ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហានៅមូលដ្ឋាន និងចូលរួមលើកកម្ពស់ជីវភាព និងគុណ ភាពជីវិតរបស់ប្រជាពលរដ្ឋ ស្ត្រី កុមារ ជនមានពិការភាព និងជនងាយរងគ្រោះ ប្រកបដោយបរិយាប័ន្ន និងគ្មានការរើសអើង។

លោកស្រី អភិបាលរងខេត្ត បានសម្តែងក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សិក្ខាកាមយកចំណេះដឹង និងបទពិ សោធន៍ទៅអនុវត្តក្នុងការងារ ពង្រឹងប្រសិទ្ធ ភាពស្ថាប័ន និងចូលរួមបម្រើប្រជាពល រដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិ ទ្ធភាព ៕
ដោយ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





