បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងនិងពលទាហានចំណុះឱ្យទីបញ្ជាការតំបន់ប្រតិបត្តិការទឹករង ព្រមទាំងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន នាយការិយាល័យ ផ្នែក និងនាយស្ថាប័នមួយចំនួនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងតំបន់មួយចំនួនផងដែរ។ ព្រមជាមួយនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក៏បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនថ្មីៗបន្ថែមទៀត និងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមស្របតាមសភាពការណ៍ថ្មីៗនៃបរិបទប្រែប្រួលរបស់ពិភពលោក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនគ្រប់រូបត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារបូរណភាពទឹកដី តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ។ ជាមួយនេះដែរ ត្រូវចូលរួមអនុវត្តន៍តាមផែនការកំណែទម្រង់ស៊ីជម្រៅរបស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា,ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបការពារជាតិរបស់យើងឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយនេះដែរ យោធិនគ្រប់រូបត្រូវគោរពឱ្យបានតាមច្បាប់ស្ដីពីលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ក្នុងការចូលរួមជាមួយសង្គម ដោយត្រូវប្ដេជ្ញាចិត្តក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យបានជាដាច់ខាត។

ក្នុងនោះយកចិត្តទុកដាក់ការងារបង្ក្រាបទល្មើសនេសាទខុសច្បាប់ដែលកំពុងស្ថិតនៅក្នុងរដូវបិទនេសាទនេះធ្វើឱ្យផលត្រីបានសម្បូរឡើងវិញ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ហើយជាមួយនេះ ត្រូវយកចិត្តទុកដាក់ការពារឱ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបានទៀតឡើយ។ ចំពោះផ្ទៃដីដែលបានដករហូតជាសម្បត្តិរដ្ឋក្នុងរយៈពេលប្រតិបត្តិការកន្លងទៅ ត្រូវការពារឱ្យបានមិនឱ្យមានការបាត់បង់ទៅវិញ ដើម្បីដាំស្ដារព្រៃឈើនិងទុកឱ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





