អេហ្ស៊ីបមើលឃើញពីឱកាសដ៏ទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ហានី សេវីឡាម (Hani Sewilam) រដ្ឋមន្ត្រីក្រសួងធនធានទឹក និងធារាសាស្ត្ររបស់ប្រទេសអេហ្ស៊ីប បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបមើលឃើញពីឱកាសដ៏ទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើវិស័យគ្រប់គ្រងធនធានទឹក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក សេវីឡាម បានលើកឡើងថា ប្រទេសចិនមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ដែលអាចចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការធ្វើទំនើបកម្មការគ្រប់គ្រងធនធានទឹក។
លោកបានមានប្រសាសន៍ថា «ប្រទេសចិនមានធនធាន និងសមត្ថភាពជាច្រើនដែលអាចចែករំលែកបាន» ដោយលោកបានកត់សម្គាល់ថា ការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
លោក សេវីឡាម បានឱ្យដឹងថា គណៈប្រតិភូមួយក្រុមរបស់ចិនត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ «Cairo Water Wee» នៅខែតុលាខាងមុខ ហើយលោកបានបន្ថែមថា ប្រទេសអេហ្ស៊ីបកំពុងបើកច្រកផ្លូវសម្រាប់ការពិភាក្សា និងកិច្ចសហប្រតិបត្តិការនានា។
យោងតាមលោក សេវីឡាម បានឱ្យដឹងថា ប្រទេសអេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជួបប្រទះបញ្ហាខ្វះខាតទឹកខ្លាំងបំផុតនៅលើពិភពលោក។ ជាង ៩៨% នៃធនធានទឹកដែលអាចកកើតឡើងវិញរបស់អេហ្ស៊ីប គឺពឹងផ្អែកលើប្រភពទឹកដែលហូរមកពីក្រៅព្រំដែនរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





