ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៦០នាក់ត្រូវបានចាប់ខ្លួន និងគ្រឿងញៀន ២៩គីឡូក្រាមត្រូវបានរឹបអូសនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រកាសកាលពីថ្ងៃអាទិត្យថា ប៉ូលិសប្រឆាំងគ្រឿងញៀនរបស់ប្រទេសនេះបានចាប់ខ្លួនមនុស្សចំនួន ៦០នាក់ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ និងបានរឹបអូសគ្រឿងញៀនទម្ងន់ ២៩គីឡូក្រាមនៅក្នុងប្រតិបត្តិការនានាទូទាំងខេត្តចំនួន ១២។
ក្រសួងបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលនៃប្រតិបត្តិការដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ ដែលធ្វើឡើងនៅក្នុង និងជុំវិញខេត្តនីមរ៉ូហ្ស ខេត្តបាល់ខ៍ ខេត្តណានហ្គារហារ ខេត្តកាពីសា ខេត្តឡេកម៉ាន់ ខេត្តគុនឌូហ្ស ខេត្តសាម៉ាន់ហ្គាន ខេត្តប៉ារវ៉ាន់ ខេត្តបាដាកស្ថាន ខេត្តឃូស ខេត្តប៉ាន់សៀ និងខេត្តហ្វារ៉ាហ៍។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការរឹបអូសនោះរួមមានគ្រឿងញៀនខុសច្បាប់ជាច្រើនប្រភេទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភេទគ្រឿងញៀនដែលត្រូវបានរឹបអូស ឬអត្តសញ្ញាណរបស់អ្នកដែលត្រូវបានចាប់ខ្លួននោះទេ។
អាជ្ញាធរអាហ្វហ្គានីស្ថានបានបង្កើនយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដោយផ្តោតគោលដៅលើអ្នកជួញដូរ អ្នកដាំដុះនិងបណ្តាញផលិតគ្រឿងញៀន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីទប់ស្កាត់សេដ្ឋកិច្ចគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





