មនុស្ស ៧នាក់ស្លាប់ និង ១៣នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះស៊ីឡាំងហ្គាសនៅប្រទេសបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់ មនុស្ស ៧នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស៊ីឡាំងហ្គាសបានផ្ទុះឡើង និងបង្កជាអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយដែលពាក់ព័ន្ធនឹងរថយន្តដឹកទំនិញមួយចំនួនដែលចតនៅក្នុងបរិវេណរោងចក្រមួយកន្លែងនៅតំបន់Ashulia ជាយក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីយប់ថ្ងៃអាទិត្យ។
លោក ម៉ូហាមម៉ាដ តារីកុល អ៊ីស្លាម (Mohammad Tariqul Islam)មន្ត្រីទទួលបន្ទុកប៉ុស្តិ៍នគរបាលតំបន់ Ashulia បានប្រាប់អ្នកសារព័ត៌មានថា«សាកសពចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញ ហើយជនរងគ្រោះម្នាក់ទៀតបានស្លាប់នៅហាងមួយកន្លែងនៅក្បែរនោះ»។
លោកបានបន្ថែមថា ដំបូងឡើយមានមនុស្ស ១៤នាក់បានរងរបួស ប៉ុន្តែក្នុងចំណោមនោះមានម្នាក់បានស្លាប់នៅពេលក្រោយ ដែលធ្វើឱ្យនៅសល់អ្នករងរបួសចំនួន ១៣នាក់។
យោងតាមមន្ត្រីរូបនេះ ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល៧:០០នាទីយប់ (ម៉ោងក្នុងស្រុក) ខណៈពេលដែលស៊ីឡាំងហ្គាសកំពុងត្រូវបានលើកចុះពីរថយន្តដឹកទំនិញ។
លោកបាននិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងនៅម៉ោងប្រហែល៨:០០នាទីយប់ និងត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែល ១០:០០នាទីយប់។ លោកបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅម៉ោង១១:៤២នាទីយប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





