ប្រធានាធិបតីអេហ្ស៊ីប និងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ពិភាក្សាអំពីបញ្ហាក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ការិយាល័យប្រធានាធិបតីអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បានជួបពិភាក្សាជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក(CIA) លោក ចន រ៉ាតក្លីហ្វ (John Ratcliffe) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តនៅក្នុងតំបន់ ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ តំបន់ហ្គាហ្សា និងប្រទេសស៊ូដង់។
យោងតាមសេចក្តីថ្លែងការណ៍នោះ ក្នុងអំឡុងពេលកិច្ចប្រជុំ លោក ស៊ីស៊ី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អេហ្ស៊ីបចំពោះកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដែលដោះស្រាយវិបត្តិអ៊ីរ៉ង់»ដោយលោកលើកឡើងថា វានឹងជួយស្តារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ព្រមទាំងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។
ចំពោះបញ្ហាតំបន់ហ្គាហ្សា លោក ស៊ីស៊ី បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនូវដំណាក់កាលទីពីរនៃផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងបទឈប់បាញ់ ធានាការការពារជនស៊ីវិល និងធានាឱ្យមានការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដោយគ្មានការរារាំងដល់តំបន់នេះ។
មេដឹកនាំអេហ្ស៊ីបរូបនេះក៏បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌនានា ដើម្បីបន្តដំណើរការនយោបាយឆ្ពោះទៅរក«ដំណោះស្រាយដ៏យុត្តិធម៌ និងទូលំទូលាយចំពោះបញ្ហាប៉ាឡេស្ទីន» ដោយផ្អែកលើសេចក្តីសម្រេចចិត្តអន្តរជាតិ និងដំណោះស្រាយរដ្ឋពីរ។
ពាក់ព័ន្ធនឹងប្រទេសស៊ូដង់ លោក ស៊ីស៊ី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អេហ្ស៊ីបចំពោះឯកភាព ស្ថិរភាព និងស្ថាប័នជាតិរបស់ប្រទេសនេះដោយចាត់ទុកអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ស៊ូដង់ថាជា «គោលការណ៍ដែលមិនអាចចរចាបាន»។
ចំណែកឯលោក រ៉ាតក្លីហ្វ វិញ បានកោតសរសើរចំពោះ «តួនាទីដ៏សំខាន់» របស់ប្រទេសអេហ្ស៊ីបក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការគាំទ្រដំណើរការសន្តិភាព និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រធានទីភ្នាក់ងារ CIA បានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាសន្តិសុខក្នុងតំបន់រួមទាំងបញ្ហានៅប្រទេសស៊ូដង់ សូម៉ាលី តំបនអាហ្វ្រិក និងសន្តិសុខដែនសមុទ្រអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





