ក្លឹបការ៉ាតេ-ដូ ហនុមាន ចុះ MoU ជាមួយសមាគមការ៉ាតេរបស់ឡាវ និងវៀតណាម ដើម្បីបង្ហាញពីសន្ដិភាពតំបន់តំបន់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦--ក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន ដែលជាសមាជិករបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសមាគមការ៉ាតេ វៀងចន្ទន៍នៃប្រទេសឡាវ និងសមាគមការ៉ាតេខេត្តង៉េអាន នៃប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង ពិសេសបង្ហាញពីសន្ដិភាពតាមរយៈវិស័យកីឡា។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមវត្តមានលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដោយមានការចូលរួមពីលោក ឈាង សុវណ្ណរតនា ប្រធានក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន លោក Nguyen Anh Tuan ប្រធានសមាគមការ៉ាតេខេត្តង៉េអាន និងលោក Inthasone Phetsiriseng ប្រធានសមាគមការ៉ាតេ វៀងចន្ទន៍។

លោក ឈាង សុវណ្ណរតនា បានគូសបញ្ជាក់ថា កិច្ចសហការត្រីភាគីរវាងក្លឹប និងសមាគមនៃប្រទេសទាំង ៣ កើតឡើងបន្ទាប់ពីភាគីទាំងបីបានជួបគ្នាក្នុងការប្រកួតអន្ដរជាតិ នៅប្រទេសឡាវ កាលពីថ្មីៗ ហើយបានពិភាក្សាគ្នា ឈានទៅរកកិច្ចសហការ ដើម្បីបង្ហាញពីសន្ដិភាពក្នុងតំបន់ ហើយអាចពង្រីក និងអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចជាបង្ហាញឱ្យអន្ដរជាតិបានដឹងពីសក្ដានុពលកីឡាការ៉ាតេកម្ពុជា ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោក ឈាង សុវណ្ណរតនា បន្ថែមថា ភាពជាដៃនេះមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសកីឡាការ៉ាតេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងឈានទៅរកការកសាងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការបង្ហាញពីតម្លៃនៃសន្តិភាពក្នុងតំបន់តាមរយៈស្មារតីកីឡា។ បន្ថែមពីលើនេះ ក៏ជាការរួមចំណែកមួយផ្នែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ តាមរយៈគម្រោងរៀបចំការប្រកួតអន្ដរជាតិនាពេលខាងមុខ ខណៈក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន គ្រោងនឹងរៀបចំឱ្យមានការប្រកួតអន្ដរជាតិលក្ខណៈបើកជំហរមួយ បន្ទាប់ពីកិច្ចសហការដ៏មានសារៈសំខាន់មួយនេះ។ «ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺទើបជាការចាប់ផ្ដើមប៉ុណ្ណោះ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា ចក្ខុវិស័យទៅថ្ងៃអនាគតនឹងបើកទ្វារទទួលស្វាគមន៍សមាគម-ក្លឹបទាំងអស់នៅកម្ពុជា ក៏ដូចជាសមាគម-ក្លឹបនៅប្រទេសឡាវ និងវៀតណាម ដើម្បីចូលរួមជាសមាជិក ក្រោមដំបូលសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។ ខ្ញុំសង្ឃឹមថា សមាគម និងក្លឹបផ្សេងៗ ចង់ចូលរួម និងចូលរួមហើយ យើងនឹងបន្ដទទួល ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ជាមួយគ្នានេះ លោក ណុប វណ្ណថារ៉ូ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន ក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡាករ កីឡាការិនី ហើយបានបោះជំហានថ្មីមួយទៀត តាមរយៈកិច្ចសហការលក្ខណៈអន្ដរជាតិនាពេលនេះ ដែលបានឆ្លើយតបនឹងផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ពិសេសមុំ ២ ក្នុងចំណោមមុំ ៥ គឺការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងក្លឹប និងក្លឹប ឬក្លឹប និងសមាគមទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕
ដោយ ហេង ណាលីន (រូបភាព៖ យឹម សុវឌ្ឍនា)





