បទយកការណ៍៖ ខេត្តសៀមរាប ត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP សៀមរាប ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។

ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន ធ្វើបដិការគុណ គោរពតបស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល តាមជំនឿ និងបានរួមចំណែកថែរក្សា នូវប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្ស។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្ដរជាតិ នឹងដើរលេងកម្សាន្ត នៅតាមរមណីដ្ឋាន និងតាមតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេស ក្នុងនោះ ខេត្កសៀមរាប ក៏ជាខេត្ដមួយដែលមានប្រាង្គប្រាសាទ តំបន់ទេសចរណ៍បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងសក្ដានុពលទេសចរណ៍ជាច្រើនកន្លែងផងដែរ។

លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងដែរថា គ្រប់សេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប រួមមាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតាមតំបន់រមណីយដ្ឋាននានា បានត្រៀមខ្លួនជាស្រាច់ សម្រាប់ទទួលស្វាគមន៍ភ្ញៀទេសចរគ្រប់ជាតិសាសន៍ ដែលនឹងអញ្ជើញមកកម្សាន្តសប្បាយ ក្នុងថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ។ ហើយសម្រាប់សេវាស្នាក់នៅ គឺមានច្រើន ពុំខ្វះទេ ដោយតម្លៃសមរម្យ។ លោកបានអំពាវនាវសូមអញ្ជើញភ្ញៀវទេសចរមកកម្សាន្តសប្បាយនៅខេត្តសៀមរាប ឱ្យបានច្រើន ពីព្រោះ នៅខេត្តសៀមរាបមាន តំបន់កម្សាន្តសប្បាយច្រើន ទាំងតំបន់ទេសចរណ៍បេតិកភណ្ឌ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍កែឆ្នៃ និងតំបន់សហគមន៍ទេសចរណ៍ ជាឱកាសល្អក្នុងការដើរកម្សាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ «យើងដឹងហើយថា ខេត្តសៀមរាប គឺជាតំបន់ប៉ូលទេសចរណ៍យ៉ាងសំខាន់ ដែលជាពិសេស គឺទេសចរអន្តរជាតិ ហើយក្នុងបុណ្យភ្ជុំបិណ្ឌនេះ យើងឃើញថា មានការឈប់សម្រាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូចនេះ យើងជឿថា អ្នកទេសចរនៅខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ពួកគាត់ នឹងត្រឡប់ទៅធ្វើបុណ្យទៅកម្សាន្ត»។

ក្នុងឱកាសនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ដបានលើកឡើងថា ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្ត បានណែនាំឱ្យបងប្អូនប្រតិបត្តិករទេសចរណ៍របស់យើង ពង្រឹងនូវគុណភាពសេវាកម្មទាំងអស់ ជាពិសេសសេវាស្នាក់នៅ សេវាម្ហូបអាហារ តម្លៃត្រូវសមស្របទៅតាមផលិតផលរបស់យើង។ លោកប្រធានមន្ទីរបានអះអាងផងដែរថា ដោយសារមានការផ្សព្វផ្សាយជាច្រើនពីតំបន់ទេសចរណ៍រដូវបៃតង លោករំពឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀត។

ទាក់ទងនឹងការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងថា កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តសៀមរាប បានត្រៀមរួចរាល់ជានិច្ចសម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។ លោកឧត្តមសេនីយ៍ទោបានណែនាំឱ្យគ្រប់អង្គភាព និងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការដើម្បីធានាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងនោះ ត្រូវបង្កើនការយកចិត្តទុកដាក់លើការរៀបចំកម្លាំងប្រចាំការ កម្លាំងល្បាត និងកម្លាំងអន្តរាគមន៍ឱ្យបានគ្រប់គ្រាន់ ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមវត្តអារាម ទីប្រជុំជន តំបន់ទេសចរណ៍ និងទីកន្លែងដែលមានប្រជាពលរដ្ឋមកជួបជុំច្រើន។ ទន្ទឹមនេះ ត្រៀមលក្ខណៈសម្បត្តិ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាការឆ្លើយតបបានទាន់ពេលវេលាចំពោះរាល់ស្ថានការណ៍ និងហេតុការណ៍ដែលអាចកើតមាន។ លោកឧត្តមសេនីយ៍ទោស្នងការបានបន្ថែមថា៖ «កម្លាំងសមត្ថកិច្ចទាំងអស់បានយកចិត្ដទុកដាក់ ហើយបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ»៕
ដោយ៖ ឃុត សៅ




