ប្រតិភូកីឡាកម្ពុជាចុងក្រោយគេវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន
AKP កណ្តាល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦--ប្រតិភូកីឡាកម្ពុជាចុងក្រោយគេបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតតេជោ ខេត្តកណ្តាល បន្ទាប់ពីបានចូលរួមការប្រកួតកីឡាអាស៊ី (ASIAN GAMES) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ក្រោយដំណើរការពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជាបានថ្លែងថា ប្រតិភូកីឡាកម្ពុជាដឹកនាំដោយឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គហេរញ្ញិក NOCC តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC បានចូលរួមពិធីបិទជាផ្លូវការកីឡាអាស៊ី កាលពីថ្ងៃទី០៤ ខែតុលា។ នេះជាប្រតិភូកីឡាកម្ពុជាចុងក្រោយគេ រួមដំណើរជាមួយប្រភេទកីឡាអេឡិចត្រូនិក និងកីឡាជឺជីតស៊ូ។

ក្នុងនាមប្រតិភូកីឡាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលតែងតែបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា តាំងពីពេលមុនចេញដំណើរ ដោយធ្វើឱ្យអត្តពលិកកម្ពុជាបំបែកកំណត់ត្រាចំនួនមេដាយច្រើនជាងការប្រកួតកីឡាអាស៊ី លើកមុន ដោយដណ្តើមបានមេដាយសំរឹទ្ធ ៤គ្រឿងជូនជាតិ ដោយឈរនៅចំណាត់ថ្នាក់លេខរៀងទី ៣៥ ក្នុងចំណោម៤៥ប្រទេសចូលរួមប្រកួតប្រជែងកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី២១ ជាព្រឹត្តិការណ៍៤ឆ្នាំបន្ទាប់ គឺនៅឆ្នាំ២០៣០ នៅទីក្រុងដូហា ប្រទេសកាតានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះបន្តវេនម្តង។

ឯកឧត្តមនាយបេសកកម្មបន្ថែមថា នេះជាជោគជ័យថ្មីមួយបន្ថែមទៀត ដែលប្រតិភូកីឡាកម្ពុជាបានបំបែកកំណត់ត្រាមេដាយសំរឹទ្ធិ ៤គ្រឿង ច្រើនជាងការប្រកួតកីឡាអាស៊ី កាលពី៤ឆ្នាំមុន នៅទីក្រុងហានចូវ ប្រទេសចិន ដែលទទួលបានត្រឹមមេដាយសំរឹទ្ធិ១គ្រឿងប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញនេះ ឯកឧត្តមនាយបេសកកម្មក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ដែលបានអញ្ជើញទៅចូលរួមពិធីបើកជាផ្លូវការ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុនជាមួយនឹងការលើកទឹកចិត្តដោយផ្ទាល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធកីឡាជាតិ អត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ដែលបានប្រឹងប្រែងរៀបចំដំណើរការចូលរួមដោយរលូនប្រកបដោយប្រសិទ្ធភាព និងដណ្តើមបានលទ្ធផលគាប់ប្រសើរជូនជាតិ តាមការគ្រោងទុក ប៉ុន្តែយើងនៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរយៈពេល៤ឆ្នាំទៀត សម្រាប់ព្រឹត្តិការណ៍ពហុកីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តង ប្រចាំទ្វីបអាស៊ីមួយនេះ នាឆ្នាំ២០៣០ខាងមុខ នៅប្រទេសកាតា។ អ្វីដែលយើងខិតខំប្រឹងប្រែងទាំងអស់គ្នានេះ គឺមានប្រជាជន១៧លាននាក់គាំទ្រ ផ្តល់ថាមពលនៅពីក្រោយជំរុញឱ្យប្រតិភូកីឡាកម្ពុជាទទួលបានជោគជ័យ នាពេលនេះ និងបន្តការប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាបន្ថែមទៀត៕
ដោយ ហេង ណាលីន




