រកឃើញជ័យលាភីកីឡាចំបាប់កាច់ដៃ ក្នុងព្រឹត្តិការណ៍ទេសចរណ៍ រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ នៅខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦--ការប្រកួតកីឡាចំបាប់កាច់ដៃ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ នៅខេត្តកំពត ពីថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ដោយគណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៣វិញ្ញាសា។

លោក គង់ សុភាព អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាបានគូសបញ្ជាក់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះថា ការប្រកួតកីឡាចំបាប់កាច់ដៃក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ នៅខេត្តកំពតនេះ មានកីឡាករកីឡាការិនីចុះឈ្មោះចូលរួមប្រកួត សរុប ១១៥នាក់ (នារី៣៥នាក់) ប្រកួតលើ៣វិញ្ញាសា ដូចជា វិញ្ញាសាបុរស ទម្ងន់ ៧៥គីឡូក្រាមចុះ វិញ្ញាសាបុរស ទម្ងន់ ៦៥គីឡូក្រាមចុះ និងវិញ្ញាសានារី ទម្ងន់ ៦៥គីឡូក្រាមចុះ។

លោក គង់ សុភាព បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់កាច់ដៃនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដោយព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាបានសហការរៀបចំការប្រកួតផ្សព្វផ្សាយ ក្នុងការស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗ ក៏ដូចជាបំផុសចលនាជំនាញកីឡានេះឱ្យកាន់តែទូលំទូលាយ រួមជាមួយនឹងគោលដៅបន្តការអភិវឌ្ឍវិស័យកីឡាចំបាប់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា ឆ្លងកាត់ការប្រកួតអស់រយៈពេល២ថ្ងៃជាលទ្ធផលចំណាត់លេខ១ លើវិញ្ញាសាប្រកួតនារីទម្ងន់៦៥គីឡូក្រាមចុះ ចំណាត់លេខ១ បានទៅលើ កីឡាការិនី ឈឿន លីលី លេខ២ កីឡាការិនី ឃុន ម៉ានាត និងលេខ៣ កីឡាកានី តឿន ស្រីនីត។ វិញ្ញាសាប្រកួតបុរសទម្ងន់៦៥គីឡូក្រាមចុះ ចំណាត់ថ្នាក់លេខ១ កីឡាករ មាស មិនា លេខ២ កីឡាករ កៅ ចាន់តារា និងលេខ៣ កីឡាករ ដុត ជិនហ្វី។ វិញ្ញាសាប្រកួតបុរសទម្ងន់៧៥គីឡូក្រាមចុះ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ គុណ សម្បត្តិ លេខ២ កីឡាករ ម៉ាត់ មីន និងលេខ៣ កីឡាករ ឌៀត រីយ៉ា។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់កាច់ដៃរៀបចំដោយសហព័ន្ធកីឡាកាច់ដៃកម្ពុជា ក្រោមការគាំទ្រសហការដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រកួតអម ក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» ពីថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០២៦ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត។ ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម មហំាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះក៏មានការផ្តល់កិត្តិយសចូលរួមពីលោក វ៉ា គ្រី អនុប្រធានសហព័ន្ធ តំណាងឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា រួមទាំងលោកអគ្គនាយករង លោកអភិបាលរងក្រុងកំពត និងលោកប្រធានការិយាល័យអប់រំកាយ និងកីឡា ខេត្តកំពត ផងដែរ៕
ដោយ ហេង ណាលីន





