រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការគ្រប់គ្រងបរិស្ថានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម មានអានុភាពរហូតដល់ ២៣៥មេហ្គាវ៉ាត់
AKP ព្រះសីហនុ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦--លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថានរបស់គម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មរបស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL & CEL II) ដែលមានទីតាំង ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោល អភិបាលរងខេត្ត បានបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួត ពិនិត្យ និងវាយតម្លៃការអនុវត្តន៍តាមកិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យក្រុមហ៊ុនរៀបចំរបាយការណ៍អង្កេត និងតាមដានជាប្រចាំរៀងរាល់ឆមាស។ ហើយការសិក្សាអង្កេតនេះ ផ្តោតយ៉ាងយកចិត្តទុកដាក់លើសូចនាករសំខាន់ៗរួមមាន៖ -គុណភាពខ្យល់ -គុណភាពទឹកសមុទ្រ និងទឹកក្រោមដី -កម្រិតសំឡេង -កម្រិតលំញ័រ -ការគ្រប់គ្រងសំណល់រាវចេញពីរោងចក្រ និងការឆ្លើយតបទៅនឹងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្បែរោងចក្រ។


ក្រោយពីបានស្តាប់របាយការណ៍របស់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម មានអានុភាពរហូតដល់ ២៣៥មេហ្គាវ៉ាត់ និងវឌ្ឍនភាពរបស់រោងចក្ររួចមក លោក ឡុង ឌីម៉ង់ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារបរិស្ថានរបស់ក្រសួងបរិស្ថាន។

លោក អភិបាលរងខេត្តព្រះសីហនុបានសង្កត់ធ្ងន់លើការលើកកម្ពស់គោល ការណ៍ទំនួលខុសត្រូវចំពោះសង្គម (CSR) របស់សហគ្រាសឪ្យបានខ្ជប់ខ្ជួន ព្រមទាំងបានធ្វើការណែនាំបន្ថែមដល់ក្រុមហ៊ុន និងទីប្រឹក្សាគម្រោងឱ្យបន្តធ្វើការសិក្សាស៊ីជម្រៅទៅលើគុណភាពជលផល និងបរិមាណផលនេសាទនៅតំបន់ជុំវិញ សំដៅធានាឱ្យបាននូវមេត្រី ភាពបរិស្ថានជាអតិបរមា និងការអភិវឌ្ឍប្រកបដោយចីរភាព។


សូមរំលឹកផងដែរថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ក្រុមហ៊ុន CEL & CEL II បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកធានាសន្តិសុខថាមពលជាតិ តាមរយៈការផ្គត់ផ្គង់ចរន្តអគ្គិសនីសម្រាប់ការប្រើប្រាស់ទាំងក្នុង និងក្រៅខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៣មក។ បច្ចុប្បន្នរោងចក្រ ត្រូវបានចាត់ទុកជារោងចក្រថាមពលខ្នាតមធ្យមកម្រិតខ្ពស់ (Upper-Medium Scale) ដែលអាចបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ២៣៥មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើ ប្រាស់ថាមពលអគ្គិសនីរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀតការប្រើប្រាស់ថាមពលកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឪ្យយើងត្រូវគិតគូរសម្រាប់ការប្រើប្រាស់ នាឆ្នាំបន្តបន្ទាប់៕
ដោយ ងូ សុមុនី





