កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦–លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានឱ្យដឹងថា កម្ពុជា បានត្រៀមកងកម្លាំងជិត ២ម៉ឺននាក់ ឈរជើងនៅតាមគោលដៅសំខាន់ៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល និងថ្នាក់ដឹកនាំបរទេស ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងាររក្សាសន្តិសុខ សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ, ឧត្តមសេនីយ៍ឯក យឹមលាង បានបញ្ជាក់ថា៖ «ឆ្លងកាត់ការប្រជុំជាច្រើនលើក បានដាក់ចេញផែនការពាររួមមួយដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ជូនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងនោះយើងប្រើប្រាស់កម្លាំងប្រមាណជិត ២ម៉ឺននាក់»។


ឧត្តមសេនីយ៍ឯក យឹមលាង បានបន្ថែមថា ចំពោះកម្លាំងជិត ២ម៉ឺននាក់នេះ គឺត្រូវបានរៀបចំបញ្ជូនមកពី៣០ ស្ថាប័ន និងអង្គភាព។ ជាមួយគ្នានេះដែរ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី បានធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៤ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ដោយឡែកបើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បានអះអាងថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងគ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ខឹម សុវណ្ណារ៉ា





