យុវជន និងយុវនារី ជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្តថ្ងៃដំបូង
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ -- យុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទទួលពាក្យដំបូងនៃកាតព្វកិច្ចយោធា។នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

គួរបញ្ជាក់ថាកាលបរិច្ឆេទនៃការចែកពាក្យកាតព្វកិច្ចយោធាគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និង ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃ ទី២ ខែតុលា ឆ្នាំ២០២៦នាសាលសន្និបាតកោះពេជ្រ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថានៅថ្ងៃទី១ ខែតុលាឆ្នាំ២០២៦ដែលមានការចែកពាក្យចូលបំពេញកាតកិច្ចយោធាគឺជាការសាកល្បងលើកទី១ ហើយការសម្រេចយកត្រឹមចំនួនណាមួយក្នុងឆ្នាំនេះឬឆ្នាំ២០២៧គឺមិនទាន់បានកំណត់ឡើយ។ក្រសួងការពារជាតិ នឹងសម្រេចជ្រើសរើសយកចំនួនណាមួយគឺផ្អែកលើតម្រូវការជាក់ស្តែងរបស់កងទ័ព។ សម្រាប់ឆ្នាំទី១ គឺជាឆ្នាំប្រវត្តិមួយនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាសម្រាប់រដ្ឋាភិបាល ច្បាប់កាតព្វកិច្ចយោធា គឺជាគោលនយោបាយមួយក្នុងការវិនិយោគកសាង ពង្រឹងធនធានមនុស្ស ដែលមិនខុសពីក្រសួងអប់រំ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មិនខុសពីក្រសួងធម្មការ និងសាសនា ក្នុងការកសាងធនធានមនុស្សនូវសមត្ថភាព និងឥរិយាបថ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងដែរថា៖”ការកសាងធនធានមនុស្ស គឺសំខាន់ណាស់ ទាំងក្នុងវិស័យការពារជាតិ ទាំងក្នុងវិស័យសង្គមជាតិ។តាមរយៈច្បាប់កាតព្វកិច្ចយោធា កម្ពុជានឹងទទួលបានធនធានមនុស្សដែលមានវិន័យ និងឥរិយាបថល្អ មានភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ មានគុណធម៌ សីលធម៌ខ្ពស់ រួមទាំងជំនាញនិងបំណិនជីវិតផ្សេងទៀត”។

គួរបញ្ជាក់ថាយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ក្នុងមួយខែ ព្រមទាំងគោលការរបបនានាជាច្រើនទៀត ដូចយោធិនអាជីពដែរ ក្នុងនោះមានប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួនទៀត។យុវជនចាប់ពីអាយុ ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធារយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ៕

ដោយ៖មករា





