សម្ដេចធិបតី៖ ការអនុវត្តកាតព្វកិច្ចយោធាជាការវិនិយោគលើធនធានមនុស្ស ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំរបស់យុវជន
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីជាង ២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានគូសបញ្ជាក់ថា ការវិនិយោគលើធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងការអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកសាងសមត្ថភាពយុវជន ដែលប្រៀបដូចជាការ «ដាំនៅក្នុងកងទ័ព ប៉ុន្តែហុចផ្លែផ្កាជូនសង្គមជាតិ»។

សម្ដេចធិបតីបានលើកឡើងថា តាមរយៈការហ្វឹកហាត់រយៈពេល ២ ឆ្នាំ កងទ័ពនឹងជួយលត់ដំយុវជនឱ្យមានឥរិយាបថល្អ មានស្មារតីទទួលខុសត្រូវ និងមានភាពជាអ្នកដឹកនាំ។ ទោះបីជាយុវជនទាំងនោះមានជំនាញ ឬបំណិនស្រាប់ពីមុនមកក៏ដោយ ការឆ្លងកាត់ការហ្វឹកហ្វឺនយោធានឹងរឹតតែពង្រឹងឱ្យពួកគេក្លាយជាពលរដ្ឋដែលមានគុណភាព និងសក្តានុពលខ្ពស់នៅពេលត្រឡប់មកកាន់សង្គមវិញ។
បើតាមសម្ដេចធិបតី នៅក្នុងពិភពការងារ គ្រប់វិស័យទាំងអស់តែងតែត្រូវការបុគ្គលិកដែលមានការទទួលខុសត្រូវ និងឥរិយាបថការងារច្បាស់លាស់។ បើទោះបីជាបុគ្គលិកបញ្ចប់ការសិក្សាចេញពីសាលាតែមួយ ឬជំនាន់ទន្ទឹមគ្នាក៏ដោយ ក៏មិនមែនគ្រប់គ្នាសុទ្ធតែអាចឡើងធ្វើជាអ្នកដឹកនាំ ឬជាប្រធានបានទាំងអស់នោះដែរ។ កត្តាសម្រេចចិត្តក្នុងការជ្រើសរើសអ្នកគ្រប់គ្រង គឺផ្អែកលើឥរិយាបថ ស្មារតីទទួលខុសត្រូវ ភាពរហ័សរហួន និងគំនិតផ្ដួចផ្ដើមក្នុងការធ្វើការងារ ដោយមិនរង់ចាំទាល់តែមានការក្រើនរំលឹកនោះឡើយ។
ជាមួយគ្នានេះដែរ ការរៀបចំ និងអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ មិនត្រឹមតែផ្តល់ឱកាសឱ្យយុវជន និងប្រជាពលរដ្ឋបានចូលរួមបម្រើជាតិមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឱ្យមានការស្ម័គ្រចិត្តចូលរួមទៅតាមលក្ខខណ្ឌកំណត់។ យ៉ាងណាមិញ ការទទួលចូលរៀនហ្វឹកហ្វឺនមិនមែនធ្វើឡើងដោយគ្មានដែនកំណត់នោះទេ ដោយមានការកំណត់ចំនួនជាក់លាក់ ព្រមទាំងមានលក្ខខណ្ឌអនុគ្រោះ និងលើកលែងមួយចំនួន ដូចជាករណីបព្វជិត (ព្រះសង្ឃ) ជាដើម ប៉ុន្តែប្រសិនបើមានបំណងចង់ចូលរួម គឺអាចធ្វើការសុំសឹកដើម្បីចូលបម្រើកាតព្វកិច្ចបាន។
ការអនុវត្តកាតព្វកិច្ចយោធានេះ ត្រូវបានរំពឹងយ៉ាងមុតមាំថានឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងធនធានមនុស្សប្រកបដោយវិន័យ សមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





