កងរាជអាវុធហត្ថក្រុងសៀមរាបចាប់ផ្តើមចែកពាក្យដល់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា
AKP សៀមរាប ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបបានចាប់ផ្តើមចែកពាក្យដល់យុវជនខ្មែរដែលមានបំណងបំពេញកាតព្វកិច្ចយោធាក្រោមគោលការណ៍ស្ម័គ្រចិត្ត ដែលការចែកពាក្យនេះបានចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយនឹងចាប់ផ្តើមទទួលពាក្យមក វិញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ហើយពេលវេលាការងារនៃការចែកពាក្យ និងទទួលពាក្យ នឹងធ្វើឡើងនៅរាងរាល់ពេលព្រឹកចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ នេះជាសារជូនដំណឹងមួយសំរាប់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធានៅក្នុងក្រុងសៀមរាប។


លោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប បានអោយដឹងថា ការចូលរួមរបស់យុវជននិងយុវនារីអាយុចន្លោះពី១៨ ដល់២៥ឆ្នាំ ក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំនេះ គឺមានតម្លៃចំពោះជាតិ ដើម្បីចូលរួមចំណែកការពារជាតិមាតុភូមិ។ ហើយកងរាជអាវុធហត្ថបានត្រៀមរួចរាល់ក្នុងការទទួលពាក្យពីយុវជន ដើម្បីចូលបំពេញកាតព្វកិច្ចយោធានេះ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើជំរឿនលើយុវជនចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំ ដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ពោលគឺ២ឆ្នាំ។ ហើយចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤សែនរៀល និងគោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពដែររួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខាចាំបាច់មួយចំនួនទៀត៕


ដោយ ហង្ស សៀក





