កូនត្រីប្រមាណ ២០ម៉ឺនកូន និងត្រីមេពូជ ត្រូវបានលែងចូលក្នុងដែនធម្មជាតិ ទំនប់ជ្រោយចេកក្នុងស្រុកកំពង់សៀម
AKPកំពង់ចាម ថ្ងៃទី ២៧កញ្ញាឆ្ឆ្នាំ២០២៦ -- កូនត្រីចម្រុះប្រមាណ ជាងម៉ឺនកូន និងត្រីមេពូជជាច្រើនក្បាល ក្រោមការឧបត្ថម្ភ ដោយក្រុមហ៊ុន Ganzberg ត្រូវបានធ្វើពិធីប្រលែង ចូលក្នុងបឹងធម្មជាតិនៅតំបន់ទំនប់ជ្រោយចេក ស្ថិតក្នុងឃុំស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ចាម ដោយ មានការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន Ganzberg។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរីករាយចំពោះក្រុមហ៊ុន Ganzberg ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ពិតជាបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិរក្សធនធានជលផល និងការបង្កើនបរិមាណត្រីក្នុងដែនទឹកធម្មជាតិនិងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋនិងប្រជាសហគមន៍ទាំងអស់ បន្តរួមគ្នាការពារនិងអភិរក្ស ធនធានមច្ឆជាតិ និងចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ ស្បៃមុង ឬសារធាតុពុល ព្រមទាំងទប់ស្កាត់ការកាប់ឆ្ការ និងការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ដើម្បីសំដៅការថែរក្សាធនធានជលផល ទុកជាសម្បត្តិមរតកដល់កូនចៅជំនាន់ក្រោយៗរបស់យើង៕

ដោយ៖ឆាយ ម៉ុត





