ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)
AKPភ្នំពេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦– លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ដឹកនាំដោយលោក Allen Forlemu នាយកក្រុមស្ថាប័នហិរញ្ញវត្ថុ និងប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក អមដោយប្រធានគ្រប់គ្រងធនាគារពិភពលោក និងប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ កិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទានអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនេះ លោក Allen Forlemu បានបង្ហាញឆន្ទៈក្នុងការបន្តចូលរួមគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជារយៈពេលវែង ដោយផ្អែកលើបទពិសោធជោគជ័យ និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ដែលរួមមានទាំងការចូលរួមគាំទ្រការបង្កើតការិយាល័យឥណទានកម្ពុជា និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ។ ទោះបីវិស័យនេះជួបប្រទះបញ្ហាប្រឈមមួយចំនួន លោក Allen បានបញ្ជាក់ពីជំហររបស់ IFC ក្នុងការបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា ដោយបានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់វិស័យនេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបង្កើតការងារសម្រាប់ស្រ្តី។ បន្ថែមលើនេះ លោកក៏បានចែករំលែកអំពីយុទ្ធសាស្ត្ររបស់ IFC ក្នុងការផ្តោតលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ដែលអាចរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគោលបំណងរបស់ IFC ក្នុងការបន្តចូលរួមគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យអាទិភាពដែលកំណត់ក្នុងយុទ្ធសាស្រ្តមានភាពស្របគ្នាជាមួយអាទិភាពអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីតួនាទីរបស់ដៃគូអភិវឌ្ឍន៍ រួមទាំង IFC ក្នុងការចូលរួមអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក ដែលត្រូវបានយកជាគំរូនៅកម្រិតអន្តរជាតិ។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ពង្រឹងការគាំទ្រកម្មវិធីអប់រំហិរញ្ញវត្ថុផងដែរ។

កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ តាមរយៈក្របខណ្ឌបទប្បញ្ញត្តិ និងយន្តការដោះស្រាយបណ្តឹងដែលមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ។ IFC ក៏បានចែករំលែកវឌ្ឍនភាពនៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ រួមទាំងការសម្របសម្រួលដោះស្រាយបណ្តឹង និងការតាមដានការអនុវត្តស្តង់ដារពាក់ព័ន្ធនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕
ដោយ ៖ ចរិយា ប្រភព៖ NBC





