ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយមកម្ពុជាជាមួយប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI)
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក David BOUSIGUE នាយកប្រចាំតំបន់នៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ចូលជួបពិភាក្សាការងារស្ដីពីការធ្វើទំនើបកម្មនៃប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា នៅសាលប្រជុំ ទីស្ដីការក្រសួង។
សូមជម្រាបថា ទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង(MFI) ដែលមានទីស្នាក់កណ្តាលនៅទីក្រុងទូលូ (Toulouse) ប្រទេសបារាំង គឺជាដៃគូបច្ចេកទេសយូរអង្វែងដែលគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសនាយកដ្ឋានឧតុនិយម ពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធព័ត៌មានឧតុនិយមកម្ពុជា បានដំណើរការតាំងពីឆ្នាំ២០១១។ បច្ចុប្បន្ន ផ្នែកមួយចំនួននៃប្រព័ន្ធ រួមមាន៖ ផ្នែករឹង (hardware) ហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ (server infrastructure) និងផ្នែកទន់ (software) បានក្លាយទៅជាហួសសម័យ ដែលអាចនឹងបង្កជាបញ្ហាប្រឈមជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងជួយធ្វើការវាយតម្លៃផ្នែកបច្ចេកទេសបន្ថែមទៀត សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយម ដែលមានស្រាប់៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





