ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារឡើងវិញ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ស្ថិតក្នុងខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ជំហានទី១ តំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារអនុវត្តគម្រោងស្តារឡើងវិញ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ (CW-19) ដែលមានទីតាំងស្ថិតនៅក្នុងឃុំម្សាក្រង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្ដមរដ្ឋលេខាធិការ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបានប្រមាណ ២០% ហើយការងារសំខាន់ៗរួមមាន៖ ការសាងសង់ប្រឡាយបេតុងរង/ដោះទឹកចំនួន ៩ខ្សែ ប្រវែងសរុប ៧,១០០ម៉ែត្រ ប្រឡាយទុយោរង/ដោះទឹកចំនួន ១០ខ្សែ ប្រវែងសរុប ៩,២០៨ម៉ែត្រ ស្ថានីយបូមទឹកចំនួន ១កន្លែង សំណង់សិល្បការ្យសរុបចំនួន ១៨១កន្លែង (ក្នុងនោះបានសាងសង់រួចរាល់ចំនួន ២កន្លែង ខណៈការងារមួយចំនួនទៀតកំពុងរៀបចំ និងត្រៀមចាប់ផ្តើមជាបន្តបន្ទាប់) ព្រមទាំងផ្ទះសហគមន៍ចំនួន ១កន្លែងផងដែរ។

ឯកឧត្ដម បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ត្រូវបានរៀបចំ និងអភិវឌ្ឍឱ្យក្លាយជាប្រព័ន្ធចែកចាយទឹកពេញលេញ (Complete Water Distribution System) ដែលមានសក្តានុពលអាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណ ៩៤២ ហិកតា។ បន្ថែមលើនេះ ក្រោយការសាងសង់រួចរាល់ ប្រព័ន្ធធារាសាស្ត្រនេះនឹងជួយគាំទ្រដល់ការដាំដុះដំណាំរួមផ្សំ និងដំណាំប្រើប្រាស់ទឹកតិចនារដូវប្រាំងផងដែរ។


តាមការរំពឹងទុក គម្រោងមួយនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ១,៥៤៧ គ្រួសារ ក្នុងភូមិចំនួន ៧ នៃឃុំចំនួន ២ ក្នុងស្រុកស្ទោង នោះរួមមាន៖ ឃុំម្សាក្រង ចំនួន ៩២២ គ្រួសារ និងឃុំកំពង់ចិនជើង ចំនួន ៦២៥ គ្រួសារ ហើយសមិទ្ធផលនៃគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្គត់ផ្គង់ និងការចែកចាយទឹកទៅកាន់ស្រែចម្ការបានគ្រប់គ្រាន់ បង្កើនផលិតភាពកសិកម្ម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





