រដ្ឋបាលខេត្តកំពង់ចាមប្រជុំវាយតម្លៃផលប៉ះពាល់ដោយគ្រោះធម្មជាតិពីការបាក់ស្រុតច្រាំងទន្លេ និងស្វែងរកវិធានការដោះស្រាយ
AKP កំពង់ចាម ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ ដោយគ្រោះធម្មជាតិពីការបាក់ស្រុតច្រាំងទន្លេ និងស្វែងរកវិធានការ ដោះស្រាយ ក្រោម អធិបតីភាព របស់ លោក ចាន់ រ៉ាន់ អភិ បាលរងខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលរងស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។
លោក ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពីមូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក និងធ្វើការវាយតម្លៃពីផលប៉ះពាល់ ព្រមទាំងរកវិធានការដំណោះស្រាយសមស្របណាមួយដើម្បីទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យពីការបាក់ស្រុតច្រាំងដែលអាចកើតមានបន្តទៀត។

លោក ចាន់ រ៉ាន់ បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ពិសេសមូលដ្ឋានដែល រងផលប៉ះពាល់ពីការបាក់ស្រុតច្រាំង ត្រូវចុះពិនិត្យស្ថានភាពជាក់ស្តែង និងរៀបចំរបាយការណ៍ជាបន្ទាន់ ដោយត្រូវប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដាក់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យ ដាក់ស្នើកិច្ចអន្តរាគមន៍ពីក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់ការបាក់ស្រុតច្រាំងនាពេលខាងមុខ។


បើតាមរបាយការណ៍របស់មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គិតមកទល់ពេលនេះ ការបាក់ស្រុតច្រាំងទន្លេនៅ ភូមិសាស្ត្រក្នុងខេត្តកំពង់ចាម មាន សរុបប្រមាណជាង ១២,៩៦៣ម៉ែត្រដែលក្នុងនោះ ក្នុង ស្រុកស្ទឹងត្រង់មានប្រវែង ២៥៩ម៉ែត្រ ស្រុកកំពង់សៀម ៤,៦០០ម៉ែត្រ ក្រុងកំពង់ចាម ១០៤ម៉ែត្រ ស្រុកកងមាស ៨៨ម៉ែត្រ ស្រុកកោះសូទិន ៣៥០ម៉ែត្រ និងស្រុកស្រីសន្ធរ ៧,៥៦២ម៉ែត្រ៕

ដោយ ឆាយ ម៉ុត





