ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២៨៨៣បណ្ណជូនប្រជាពលរដ្ឋចំនួន២ឃុំនៅក្នុងស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២៨៨៣បណ្ណ ជូនប្រជាពលរដ្ឋនៅឃុំកំពង់គោ និងឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់ស្វាយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹនាំស្រុក លោកមេឃុំនិងប្រជាពលរដ្ឋជាច្រើននាក់។

នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីវឌ្ឍនភាពស្ថានភាពនយោបាយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាពលរដ្ឋការដោះស្រាយបញ្ហាព្រំដែនតាមយន្តការសន្តិវិធី និងច្បាប់អន្តរជាតិព្រមទាំងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិជាពិសេសសូម បញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ក៏ដូចជាដីក្នុងតំបន់បីដែលជាតំបន់មានការកំណត់ និងការពារដោយច្បាប់។

ឯកឧត្តម សៅ សុភាព ថ្លែងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ដើម្បីធានាសុវត្ថិភាព និងភាពច្បាស់លាស់នៃសិទ្ធិកាន់កាប់ និងសិទ្ធិលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់នូវឯកសារផ្លូវការសម្រាប់បញ្ជាក់កម្មសិទ្ធិនិងកាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី។ ឯកឧត្តមបន្តថា តាមរយៈការងារនេះ នឹងរួមចំណែកដល់ការធានាសន្តិសុខនិងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី លើកកម្ពស់ការគ្រប់គ្រងនិងប្រើប្រាស់ធនធានដីធ្លីឱ្យមានប្រសិទ្ធភាពនិងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។

ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនៅសេសសល់ ក្រុមការងារនឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំផ្សេងក្នុងស្រុកគោលដៅ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិស្របច្បាប់ទទួលបានវិញ្ញាបនបត្ររបស់ខ្លួនបានគ្រប់ៗគ្នា និងរក្សាទុកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានត្រឹមត្រូវ និងប្រើប្រាស់តាមគោលបំណងដែលច្បាប់បានកំណត់៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ)





