គម្រោងគជ់ជួយគ្រួសារដែលភៀសសឹកនៅខេត្តព្រះវិហារលើការងារដាំដំណាំ ដើម្បីស្តារជីវភាពឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- គម្រោងគជ់តាមរយ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានផ្តល់គ្រាប់ពូជបន្លែ ឧបករណ៍កសិកម្ម និងសម្ភារៈកសិកម្មចាំបាច់នានា ដល់គ្រួសារចំនួន២៥០គ្រួសារ ដែលបានផ្លាស់ទីលំនៅចេញពីតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្រោមការដឹកនាំរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ការគាំទ្រនេះរួមមាន ម៉ាស៊ីនបូមទឹក ធុងស្តុកទឹកចំណុះ ៥ ០០០លីត្រ ទុយោទឹក សំណាញ់សម្រាប់ដាំបន្លែ ឧបករណ៍ធ្វើសួន គ្រាប់ពូជបន្លែសំខាន់ៗ ជីសរីរាង្គ និងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនបូមទឹក។ គ្រួសារទាំង២៥០ក៏នឹងទទួលបានការណែនាំជាក់ស្តែងពីបច្ចេកទេសដាំបន្លែប្រកបដោយសុវត្ថិភាព សុវត្ថិភាពចំណីអាហារ និងបច្ចេកទេសកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

មន្ត្រីជំនាញរបស់មន្ទីរនឹងចុះទៅជួបគ្រួសារកសិករទាំងនោះជាប្រចាំ ដើម្បីពិនិត្យតាមដាន និងផ្តល់ការគាំទ្របន្ថែម។ គម្រោងគជ់មានបំណងជួយដល់គ្រួសាររងគ្រោះ ក្នុងការផលិតបន្លែដែលមានសុវត្ថិភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់តម្រូវការស្បៀងប្រចាំថ្ងៃ ព្រមទាំងផ្តល់ជូននូវជំនាញជាក់ស្តែង និងសម្ភារៈចាំបាច់ ដើម្បីឱ្យពួកគេអាចបន្តការដាំដុះស្បៀង ស្របពេលដែលពួកគេកំពុងស្តារជីវភាពរស់នៅឡើងវិញ។

គម្រោងគជ់ទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង និងរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO៕

ដោយ ណយ នឿន (ប្រភព៖ គម្រោងគជ់)





