អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀនត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងគុណភាពអប់រំ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានលើកឡើងថា គ្រូបង្រៀនគឺជាកម្លាំងស្នូលក្នុងការកសាងធនធានមនុស្ស និងជាអ្នកមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវចំពោះសង្គមជាតិ។ ដូច្នេះ ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀនត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងសង្គម។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោក យឹម សំណាង អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅតាមមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកប្រធានអង្គភាពធនធានមនុស្ស រដ្ឋបាលខេត្ត លោកអនុប្រធានការិយាល័យបុគ្គលិក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងមន្ទីរមុខងារសាធារណៈខេត្ត អភិបាល និងអភិបាលរងស្រុក មន្ត្រីការិយាល័យអប់រំ ព្រមទាំងនាយក នាយិកា និងបុគ្គលិកអប់រំតាមបណ្តាគ្រឹះស្ថានសិក្សានានាទូទាំងស្រុកស្វាយចេក។

លោក យឹម សំណាង បានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀន តាមលក្ខន្តិកៈនៃអង្គគ្រូបង្រៀន គឺជាមូលដ្ឋានសំខាន់សម្រាប់ឱ្យបុគ្គលិកអប់រំអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ វិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ការយល់ដឹងច្បាស់លាស់ពីបទប្បញ្ញត្តិក៏នឹងរួមចំណែកលើកកម្ពស់កិត្យានុភាព និងតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀននៅក្នុងសង្គមផងដែរ។ ក្នុងន័យនេះ លោកបានជំរុញដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ឱ្យយកខ្លឹមសារនៃព្រះរាជក្រឹត្យទៅសិក្សា ស្វែងយល់ឱ្យបានច្បាស់ និងផ្សព្វផ្សាយបន្តទៅកាន់អ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយ។ ការអនុវត្តនេះ នឹងជួយធានាឱ្យការបំពេញភារកិច្ចរបស់គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សា មានភាពច្បាស់លាស់ មានស្តង់ដារ ស្របតាមបទប្បញ្ញត្តិ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃវិស័យអប់រំនៅមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សាបន្ថែម ការផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងយល់ពីចំណេះដឹង ព្រមទាំងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការបង្រៀន និងការរៀនកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការវិវត្តនៃសង្គម។

លោកបានសង្កត់ធ្ងន់បន្ថែមថា ក្រៅពីការបញ្ជូនចំណេះដឹងទៅកាន់សិស្ស គ្រូបង្រៀនក៏មានតួនាទីក្នុងការបណ្តុះសីលធម៌ អាកប្បកិរិយាល្អ វិន័យ ស្មារតីទទួលខុសត្រូវ និងការចូលរួមក្នុងសង្គមរបស់សិស្សានុសិស្ស។ ដូច្នេះ គុណភាពនៃការអប់រំ មិនអាចពឹងផ្អែកតែលើសម្ភារៈសិក្សា ឬហេដ្ឋារចនាសម្ព័ន្ធសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវការគ្រូបង្រៀនដែលមានសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះ លោក យឹម សំណាង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការជាមួយវិស័យអប់រំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សា គាំទ្រដល់ការអនុវត្តការងាររបស់គ្រូបង្រៀន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សារបស់សិស្សានុសិស្ស។

ការផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀននេះ មិនត្រឹមតែជាការបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិដល់បុគ្គលិកអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងវប្បធម៌វិជ្ជាជីវៈ វិន័យ សីលធម៌ និងការទទួលខុសត្រូវរបស់គ្រូបង្រៀន។ ការពង្រឹងមូលដ្ឋានវិជ្ជាជីវៈរបស់គ្រូបង្រៀន នឹងក្លាយជាកម្លាំងគាំទ្រដល់ការលើកកម្ពស់គុណភាពអប់រំ និងជាមូលដ្ឋានសម្រាប់ការកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងគុណធម៌ ស្របតាមតម្រូវការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





