អភិបាលខេត្តតាកែវអញ្ជើញប្រគល់ធុងសំរាមចំនួន១០៤១ធុង ជូនដល់វត្តអារាមចំនួន៣៤៧វត្ត នៅទូទាំងខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ធុងសំរាមចំនួន១០៤១ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជូនដល់វត្តអារាមទាំង៣៤៧វត្តនៅទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួម។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តឈើទាលទងត្រា ស្ថិតនៅក្នុងភូមិតានូ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ ធុងសំរាមសរុបមានចំនួន១០៤១ធុង ត្រូវបែងចែកប្រគេនគ្រប់វត្តអារាមទាំងអស់ នៅទូទាំងខេត្តតាកែវ ដោយក្នុងមួយវត្តៗទទួលបានធុងសំរាមចំនួន០៣ធុង។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមបិណ្ឌបាតពីព្រះសង្ឃគ្រប់ព្រះអង្គ មេត្តាបន្តជួយផ្សព្វផ្សាយ និងបញ្រ្ជាបនូវធម៌វិន័យ សីលធម៌រស់នៅ និងក្រមសីលធម៌សង្គម ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។តាមរយៈការទេសនា និងកម្មវិធីសាសនានានា ដើម្បីឱ្យពុទ្ធបរិស័ទយកទៅប្រតិបត្តិ នាំមកនូវសន្តិភាពផ្លូវចិត្ត និងសេចក្តីសុខក្សេមក្សាន្ដ ក្នុងគ្រួសារនិងសង្គមជាតិ។

ឯកឧត្តមបានសម្តែងការគោរពកោតសរសើរ និងបានសុំបិណ្ឌបាតយ៉ាងខ្ពង់ខ្ពស់ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៅទូទាំងខេត្តតាកែវ ដោយឯកឧត្តមបានមានប្រសាសន៍ថា វត្តអារាមមិនត្រឹមតែជាទីសក្ការបូជា និងជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលផ្ទុកនូវពុទ្ធិយ៉ាងជ្រាលជ្រៅ ជាថ្នាលបណ្ដុះបណ្ដាលអក្សរសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា និងរបៀបរៀបរយ នៃកិច្ចការលម្អបរិស្ថានសង្គមទៀតផង។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានគូសបញ្ជាក់បន្ថែមពីការលើកកម្ពស់អនាម័យ និងបរិស្ថានក្នុងទីវត្តអារាមថា ការប្រគល់ធុងសំរាមនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាអនាម័យ បរិស្ថាន និងសោភណភាពក្នុងទីវត្តអារាមឱ្យស្រស់ស្អាត។សម្អាតទាំង ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបរិស្ថាន ដើម្បីទទួលស្វាគមន៍ ពុទ្ធបរិស័ទជិតឆ្ងាយដែលអញ្ជើញមកធ្វើបុណ្យទាន ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ឱ្យកាន់តែមានភាពជ្រះថ្លា និងសុខមាលភាពទ្វេឡើង៕

ដោយ អ៊ុច សៀង





