ស្នងការនគរបាលខេត្តកំពង់ធំបើកផ្តល់ពាក្យជូនបេក្ខជន-បេក្ខនារី ដែលចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យពីបេក្ខជន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារត្រួតពិនិត្យដំណើរការរៀបចំផ្តល់ពាក្យជូនបេក្ខជន-បេក្ខនារី ដែលចូលរួមទទួលពាក្យ ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៦ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានណែនាំដល់ប្អូនៗជាបេក្ខជន-បេក្ខនារី ត្រូវយកចិត្តទុកដាក់គោរពវិន័យ រក្សាសណ្ដាប់ធ្នាប់ដើម្បីបង្កលក្ខណៈឱ្យដំណើរប្រព្រឹត្តទៅ ដោយមានភាពរលូន និងបានផ្ដាំផ្ញើដល់ក្រុមការងារ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងគោរពអនុវត្តតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយភាពអត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាដំណើរការផ្ដល់ពាក្យ ជូនបេក្ខជន-បេក្ខនារី ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ស្របតាមគោលការណ៍ បទបញ្ជា សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់អំពីលក្ខខណ្ឌនៃការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបេក្ខជនទាំងពីរភេទ មានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រឃុំ សង្កាត់ដែលមានការជ្រើសរើស មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះមាត់ បេះដូង ថ្លើម សួត ជំងឺរបេង អេដស៍ ក្រុមឈាម និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមរបួសឬស្លាកស្នាមសាក់បុរសមានកម្ពស់១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានអាយុពី១៨ឆ្នាំដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡងមានសញ្ញាបត្របរិញ្ញាបត្រនិងមានអាយុយ៉ាងច្រើនត្រឹម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

កាលបរិច្ឆេទបើកការផ្ដល់ពាក្យ ចាប់ផ្តើមពីព្រឹកថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕


ដោយ ស៊ុម វណ្ណា





