មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យជំរុញយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានជំរុញឱ្យគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរអាក់រអួលឡើយ។ ការណែនាំ និងជំរុញបន្ថែមនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការងារសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom ពីសំណាក់លោក-លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ប្រធានផ្នែកកម្មវិធីសុខាភិបាល រួមជាមួយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក និងប្រធានមណ្ឌលសុខភាពទូទាំងខេត្ត សរុបប្រមាណ ១៣០នាក់។

ថ្លែងនៅក្នុងអង្គប្រជុំ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានគូសបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យ និងគោលជំហរឥតងាករេក្នុងវិស័យសុខាភិបាលខេត្ត ដោយ លោកបានលើកឡើងថាការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល និងជាអាទិភាពចម្បងបំផុត។ គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវតែបន្តពង្រឹងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ និងបង្កើនសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ជាពិសេស ត្រូវធានាឱ្យបាននូវការបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈ និងក្តីស្រឡាញ់ចំពោះអ្នកជំងឺ។

បន្ថែមពីលើការផ្តល់អនុសាសន៍ណែនាំ លោកប្រធានមន្ទីរបានដឹកនាំអង្គប្រជុំធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ដោយធ្វើការប្រៀបធៀបដោយផ្ទាល់ទៅនឹងផែនការសកម្មភាព និងសូចនាករដែលបានកំណត់។ ជាមួយគ្នានេះ សមាជិកសមាជិកានៃកិច្ចប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែងដែលបានជួបប្រទះនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាពិភាក្សាស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពភ្លាមៗ។

អង្គប្រជុំក៏បានផ្តោតសំខាន់លើការរៀបចំទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងការរឹតចំណងកិច្ចសហការរវាងគ្រប់អង្គភាពពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាគ្រប់ប្រព័ន្ធប្រតិបត្តិការសុខាភិបាលចាប់ពីថ្នាក់ខេត្ត រហូតដល់មណ្ឌលសុខភាពដាច់ស្រយាល ដំណើរការទៅដោយរលូន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូល៕
ដោយ ឈុន សារ៉ាត





