ឯកឧត្តម ណយ ផាណា ចែករំលែកបច្ចេកទេសស្តីពីគ្រូបង្វឹកកីឡាកាយសម្ព័ន្ធ រយៈពេល៥ថ្ងៃ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦--សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត National Development Youth MAG Academy in Aerobic Level 1-2 និងបោះជំរំហ្វឹកហាត់ Training Camp ប្រចាំឆ្នាំ២០២៦។

ឯកឧត្តម ណយ ផាណា គ្រូឧទ្ទេស និងជាអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត National Development Youth MAG Academy in Aerobic Level 1-2 និងបោះជំរំហ្វឹកហាត់Training Camp ប្រចាំឆ្នាំ២០២៦ ហើយវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្លឹបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២២នាក់ ក្នុងនោះស្រីមានចំនួន៧នាក់ មកពី៥រាជធានី-ខេត្តរួមមាន៖ ភ្នំពេញ ៥នាក់ ក្រចេះ ៤នាក់ ស្ទឹងត្រែងម្នាក់ កំពង់ចាមម្នាក់ និងខេត្តកំពង់ឆ្នាំងចំនួន១១នាក់។


គួរបញ្ជាក់ថា វគ្គសិក្សានេះ ឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដោយសិក្សាទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង។ វគ្គនេះមានគ្រូឧទ្ទេស ដោយ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងកញ្ញា សោ សុគី ជាគ្រូជំនួយ៕


ដោយ ហេង ណាលីន





