ក្រសួងកសិកម្ម៖ ត្រីស្ទក់ដែលតារាកំប្លែង នាយពាក់ មីបានយកមកចម្អិនធ្វើម្ហូបនោះ ជាសារសម្រាប់យល់ដឹងពីជលផល
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--ក្រោយមានការរិះគន់ និងជជែក វែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលតារាកំប្លែងនាយ ពាក់មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម បង្កឱ្យមានការរិះគន់នោះក្រសួងកសិកម្មបានបញ្ជាក់ថា នេះជាសារមួយសម្រាប់យល់ដឹងពីជលផល និងចូលរួម អភិរក្សសត្វកម្រ។

សូមបញ្ជាក់ថា ត្រីស្ទក់ មានឈ្មោះវិទ្យាសាស្ត្រ ថា Wallago leeri ត្រូវបានចាត់បញ្ជូលជាប្រភេទត្រីកំពុងរងគ្រោះនៅក្នុង បញ្ជី របស់អង្គការ IUCNផងដែរ។ត្រីស្ទក់នេះ មាននៅតាមទន្លេមេគង្គ នៃប្រទេស កម្ពុជា, ឡាវ, វៀតណាម ,ឥណ្ឌូនេស៊ី និងសិង្ហបូរីជាដើម។ត្រីប្រភេទនេះ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ដល់ ១០០ គីឡូក្រាម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកនៅ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ថា ការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។

ក្រសួងកសិកម្ម បានលើកឡើងថា” លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ”។ ហើយចំពោះការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ ហេតុដូច្នេះ ព្រឹត្តិការណ៍នេះបានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រីដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ?។លើសពីនេះដើម្បីឱ្យការចូលរួមការពារកាន់តែមានប្រសិទ្ធភាព ការបន្តជួយផ្សព្វផ្សាយ និងអប់រំគ្នាទៅវិញទៅមក អំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់បំផុត។
ក្រសួងកសិកម្មបានលើកឡើងដែរថា”ជំនួសឱ្យការបន្ទោសដាក់គ្នាទៅវិញទៅមក រវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ លើរឿងដែលបានកើតឡើងរួចហើយនោះ យើងគួរបែរមកចូលរួមស្ថាបនា និងផ្តល់ការគាំទ្រដល់មន្ត្រីជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំប្រឹងប្រែងការពារ និងស្តារធនធានទាំងនេះវិញ”។

ក្រសួងកសិកម្មសង្ឃឹមថា ព្រឹត្តិការណ៍នេះគឺជាសារក្រើនរំលឹកមួយដល់យើងទាំងអស់គ្នា ឱ្យបន្តសហការគ្នាថែរក្សា និងការពារធនធានជលផលកម្ពុជាឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត៕
ដោយ មករា





