សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរៀបចំសន្និបាតអាណត្តិទី៦និងអនុម័តរបាយការណ៍សកម្មភាពការងារ
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងនៅអង្គសន្និបាតអាណត្តិទី៦និងអនុម័តរបាយការណ៍សកម្មភាពការងារ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញនិមន្តពីព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងអាណតិ្តទី៦ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខាយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា អាណត្តិនៃសាខាកាកបាទក្រហមកម្ពុជាមានរយៈពេល ៦ឆ្នាំ ប៉ុន្តែសម្រាប់អាណត្តិទី៦ បានពន្យារពេលរហូតដល់ ៧ឆ្នាំ ដោយសារប្រទេសជាតិជួបប្រទះគ្រោះមហន្តរាយ និងទំនាស់សង្គ្រាមនៅតាមព្រំដែន ដែលជាហេតុផលសមស្រប និងចាំបាច់។

នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជានឹងមានការកែទម្រង់លក្ខខន្តិកៈ ដោយកំណត់អាណត្តិការងារឡើងវិញត្រឹម ៤ឆ្នាំម្តង ដូចសមាគមជាតិលើពិភពលោក នៅក្នុងមហាសន្និបាតអាណត្តិទី៧ ខាងមុខ ពីព្រោះការងាររដ្ឋបាល និងហិរញ្ញវត្ថុមិនត្រូវទុកឱ្យមនុស្សដដែលកាន់កាប់យូរពេកឡើយ។

ទន្ទឹមនឹងនេះលោកជំទាវបានបន្តទៀតថា គណៈកម្មាធិការសាខាអាណត្តិទី៦ទើបជាប់ឆ្នោតថ្មី ក្រុមប្រតិបត្តិសាខា អនុសាខា ដើម្បីអនុវត្តការងារមនុស្សធម៌របស់សាខា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលាក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយជាបឋម។ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ យកចិត្តទុកដាក់អនុវត្តនូវលក្ខខណ្ឌវិនិច្ឆ័យ ក្នុងការដឹក នាំសាខាឲ្យកាន់តែមានប្រសិទ្ធភាព យកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះ ដើម្បីបង្កើនសមត្ថភាពការបំពេញការងារ ភារកិច្ចមនុស្សធម៌ឲ្យបានជោគជ័យ។

ដូច្នេះផ្អែកលើបទពិសោធន៍ក្នុងបរិបទនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការបានបញ្ជាក់ទៀតថា តាមរយៈមុនបោះឆ្នោតនឹងក្រោយបោះឆ្នោតត្រូវបានបញ្ចប់ ការរតម្រង់ទិសជូនក្រុមប្រតិបត្តិសាខា ជាពិសេសអនុសាខា គណៈកិត្តិយសថ្នាក់អនុសាខាមានភារកិច្ចសំខាន់ ក្នុងការកៀងគរមូលនិធិ និងគាំទ្រដល់គណៈកម្មាធិការអនុសាខា ដើម្បីឱ្យមានលទ្ធភាពដំណើរការសកម្មភាពមនុស្សធម៌ក្នុងមូលដ្ឋានបានទាន់ពេលវេលា៕

ដោយ៖ បៃ ស៊ីថុន





