ទិន្នផលស្រូវរបស់កូរ៉េខាងត្បូងត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ទិន្នផលស្រូវរបស់ប្រទេសកូរ៉េខាងត្បូងដែលជាអាហារសំខាន់នៅក្នុងរបបអាហាររបស់ប្រជាជនក្នុងប្រទេសនេះត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ២០២៦ ដោយសារតែការកាត់បន្ថយផ្ទៃដីដាំដុះ។
យោងតាមក្រសួងដែលទទួលបន្ទុកផ្នែកទិន្នន័យ និងស្ថិតិបានឱ្យដឹងថាទិន្នផលស្រូវសរុបត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៥១លានតោន ដែលធ្លាក់ចុះពីចំនួន ៣,៥៣លានតោនកាលពីឆ្នាំមុន។
ការធ្លាក់ចុះដែលបានព្យាករណ៍នេះ កើតឡើងស្របពេលដែលផ្ទៃដីដាំដុះស្រូវបានថយចុះ ១,១% មកនៅត្រឹម ៦៧០.០០០ហិកតានៅឆ្នាំនេះ បើធៀបនឹង ៦៧៨.០០០ហិកតាកាលពីឆ្នាំមុន។
ការថយចុះនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែសម្រួលផលិតកម្មស្រូវ រួមទាំងការគាំទ្រដល់កសិករក្នុងការផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត។
បើគិតតាមតំបន់ ទិន្នផលសរុបនៅក្នុងខេត្តជេលឡា ភាគខាងត្បូង និងទីក្រុងក្វាងជូ ត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ៧៣៨.០០០តោននៅឆ្នាំនេះ បន្ទាប់មកគឺខេត្តជុងឆុង ភាគខាងត្បូង ដែលមានចំនួន៦៨៩.០០០តោន និងខេត្តជេលឡា ភាគខាងជើង ដែលមានចំនួន៥៣៣.០០០តោន។
ទោះបីជាដំណាំស្រូវជាអាហារសំខាន់សម្រាប់ប្រជាជនកូរ៉េជាយូរមកហើយក៏ដោយ ក៏ការបរិភោគដំណាំស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ដែលភាគច្រើនបណ្តាលមកពីការផ្លាស់ប្តូររបបអាហារ និងការពេញចិត្តកាន់តែខ្លាំងឡើងចំពោះអាហារជំនួសផ្សេងទៀត ដូចជាអាហារដែលធ្វើពីស្រូវសាលីជាដើម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





