រដ្ឋមន្ដ្រីការពារជាតិពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការសាងសង់នាវាជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក កាង ស៊ីនជុល (Kang Shin-chul) រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកម្នាក់ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសាងសង់នាវារវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
យោងតាមក្រសួងដដែលបានឱ្យដឹងថា លោក កាង បានជួបជាមួយលោក ដាវេ ម៉េកខមីក (Dave McCormick) សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ តំណាងរដ្ឋផេនស៊ីលវ៉ានៀ នៅទីក្រុងសេអ៊ូល។នៅក្នុងជំនួបនោះ លោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជា «សសរស្តម្ភដ៏សំខាន់» សម្រាប់ការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ហើយបានជំរុញឱ្យសភាអាមេរិកបន្តដើរតួនាទីជា «អ្នកគាំទ្រដ៏រឹងមាំ» នៃសម្ព័ន្ធភាពនេះ។
លោក កាង បានថ្លែងអំណរគុណដល់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំពោះការបន្តយកចិត្តទុកដាក់ និងការគាំទ្ររបស់លោកលើកិច្ចសហប្រតិបត្តិការសាងសង់នាវារវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញក្តីសង្ឃឹមថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅតាមបែបជាក់ស្តែង។
យោងតាមក្រសួងដដែលបានឱ្យដឹងថា លោក កាង និងលោក ម៉េកខមីក ក៏មានទស្សនៈស្រដៀងគ្នាដែរថា សម្ព័ន្ធភាពទ្វេភាគីនេះគួរតែពង្រីកវិសាលភាពលើសពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ហើយវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ។
ជំនួបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ម៉េកខមីក បានទៅទស្សនកិច្ចនៅកន្លែងសាងសង់នាវារបស់ក្រុមហ៊ុន Hanwha Ocean Co. ក្នុងទីក្រុងជីអូជេ ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។ នៅទីនោះ លោកបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសាងសង់នាវា និងសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុនដែលជាអ្នកម៉ៅការផ្នែកការពារជាតិមួយនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





