ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ ៤១ ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម រដ្ឋលខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខាយ ឃុនហេង បានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពរបស់ក្រសួង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ.ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤១ ក្នុងស្មារតីផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
ក្នុងឱកាសនោះ ឯកឧត្តម ខាយ ឃុនហេង បានរំលឹកអំពីការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជូនទៅដល់នាយ ទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ ព្រមទាំងបានសម្តែងនូវការគោរព និងកតញ្ញូតាដ៏ជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព ដែលបានឈរជើងបំពេញភារកិច្ចយ៉ាងប្តូរផ្តាច់ ក្នុងការការពារជាតិ ប្រជាជន និងបូរណភាពទឹកដី។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក.ប.ទ. នឹងបន្តគាំទ្រ និងសហការជាមួយកងទ័ពជួរមុខជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសនឹងបន្តចូលរួមក្នុងការឧបត្ថម្ភដើម្បីការពារព្រំដែន និងរួមចំណែកថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ គណៈប្រតិភូបាននាំយកអំណោយ រួមមាន ម៉ូតូ ៦គ្រឿង ប្រេង ៥ ០០០លីត្រ សម្ភារៈគ្រឿងសំណង់ ឧបករណ៍ សម្ភារ:គ្រឿងឧប ភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ដើម្បីគាំទ្រជីវភាពរបស់យោធិន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួរមុខនៅតាមបន្ទាត់ព្រំដែន ៕

ដោយ៖ណយ នឿន ,ប្រភព៖ក្រសួងប្រៃសណីយ៍





