គម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីតនៅខេត្តព្រះសីហនុ ត្រូវបានកិច្ចប្រជុំពិនិត្យរបាយការណ៍ EIA
AKP ខេត្តព្រះសីហនុ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ព្រឹកថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ ដឹកនាំតំណាងរដ្ឋបាលខេត្តចូល រួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោ បល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) លើគម្រោងបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុម ហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដា ស្ទ្រី (ខេមបូឌា) ឯ.ក (Orlon Zinc Industry Cambodia Co., Ltd.) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។

តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន រោងចក្រនេះ មានសមត្ថភាពផលិតស័ង្ក សីអុកស៊ីតប្រមាណពី ៣០.០០០ ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំ។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានស្នើឱ្យអង្គប្រជុំពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការគ្រប់គ្រងបរិស្ថាន ជាពិសេស៖ការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពខ្យល់,ការការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក កម្មករ និងប្រជា ពលរដ្ឋរស់នៅតំបន់ជុំវិញ, ការរៀបចំផែនការឆ្លើយ តបក្នុងគ្រាមានអាសន្ន,វិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់សុវត្ថិ ភាពការងារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យបានជាអប្បបរមា។
ជាលទ្ធផលអង្គប្រជុំ បានគាំទ្រជាគោលការណ៍គម្រោងវិនិយោគបង្កើតរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក (Orlon Zinc Industry Cambodia Co., Ltd.) តែក្រុមហ៊ុនប្រឹក្សាយោ បល់ត្រូវធ្វើការកែសម្រួលរបាយការណ៍ឱ្យបានត្រឹម ត្រូវស្របតាមធាតុចូល និងមតិយោបល់របស់អង្គប្រជុំទៅតាមជំនាញនីមួយៗ។

ទន្ទឹមនោះ អង្គប្រជុំក៏បានផ្តល់អនុសាស ន៍បន្ថែមពាក់ព័ន្ធនឹងការបញ្ជាក់ឱ្យបានច្បាស់លាស់នូវសមីការគីមី សង្វាក់ផលិតកម្ម វិធានការ សុវត្ថិភាពការងារ ក៏ដូចជាការគ្រប់គ្រងសំណល់រឹង សំណល់រាវ និងវត្ថុធាតុ ដើម ដើម្បីធានាថា គម្រោងនេះអាចដំណើរ ការទៅមុខប្រកបដោយ សុវត្ថិភាព និរន្តរភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថានជាអប្បបរមាសម្រាប់ប្រជាពលរដ្ឋរស់នៅជំវិញ។
សូមបញ្ជាក់ថា រោងចក្រស័ង្កសីអុកស៊ីត (Zinc Oxide ) គឺជាសមាសធាតុគីមីដែលមានទម្រង់ជា ម្សៅពណ៌ស និងមិនរលាយក្នុងទឹក។ សារធាតុ នេះត្រូវបានគេយកទៅ ប្រើប្រាស់យ៉ាងទូលំទូ លាយក្នុងជីវភាពប្រចាំថ្ងៃលើវិស័យកសិកម្ម និងឧស្សាហកម្មសំខាន់ៗមួយចំនួនដូចជា៖

-ឧស្សាហកម្មកៅស៊ូ ជាពិសេសការផលិតសំបកកង់យានយន្ត
-ឧស្សាហកម្ម ផលិតកម្មប្លាស្ទិក ថ្មពិល វាយនភណ្ឌ សាប៊ូ ថ្នាំលាបជញ្ជាំង សេរ៉ាមិច កញ្ចក់ និងគ្រឿងបន្លាស់អេឡិចត្រូនិក
-វិស័យវេជ្ជសាស្ត្រ និងគ្រឿងសម្អាង ផលិតផលឡេការពារកម្តៅថ្ងៃ ថ្នាំ លាបព្យាបាលរបួស និងកន្ទួលរមាស់ជាដើម ៕
ដោយ៖ ងូ សុមុនី





