ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្ដព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ព្រះវិហារ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយទឹកចិត្តមនុស្សធម៌ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមជាមួយ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក ១៦ មករាខេត្ត និងលោក ស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់លោកតា លោកយាយចាស់ជរា ក្នុងមូលដ្ឋានឃុំគូលែនត្បូង។

ក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវភាពស្និតស្នាលដោយក្តីស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក១៦មករាខេត្ត បានផ្តាំផ្ញើឱ្យលោកយាយ លោកតា ឱ្យយកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តន៍ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

សូមជម្រាបជូនថា អំណោយដែលបានចែកជូននាពេលនេះ រួមមានគ្រឿងឧបភោគ បរិភោគចាំបាច់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាក និងនាំមកនូវភាពកក់ក្ដៅជូនដល់លោកយាយ លោកតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះ លោកយាយ លោកតា ដែលទទួលបានអំណោយ ក៏បានសម្តែងនូវក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហែម សុគុណពិសី លោកស្រី គាត កិច្ច ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែគិតគូរ និងមិនបោះបង់ចោលប្រជាពលរដ្ឋនោះឡើយ ព្រមទាំងបានជូនពរឱ្យក្រុមការងារជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





