ការវេចនំអន្សម នំគម និងនំបត់ គឺជាប្រពៃណី និងទំនៀមទម្លាប់ដូនតាខ្មែរយ៉ាងសំខាន់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ការវេចនំអន្សម នំគម និងនំបត់ គឺជាប្រពៃណី និងទំនៀមទម្លាប់ដូនតាខ្មែរយ៉ាងសំខាន់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជាពិសេសនៅថ្ងៃបុណ្យភ្ជុំធំ ឬមុនថ្ងៃភ្ជុំធំ ១-២ ថ្ងៃ ដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្ត និងចែកជូនសាច់ញាតិ បងប្អូន ឬអ្នកជិតខាង ដោយទំនៀមនៃការវេចនំអន្សម នំគម និងនំបត់នេះត្រូវបានដូនតាខ្មែរបង្កើតឱ្យមានឡើងអស់កាលដ៏យូរលង់ណាស់មកហើយ និងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក ឈឿន សូរិយា មន្ត្រីបណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្របខ័ណ្ឌសាលារៀនសុវណ្ណភូមិ ដែលមានវត្តមាននៅក្នុងពិធីរាប់បាត្រ និងកាន់បិណ្ឌរបស់ស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប បានរៀបរាប់ថា តាមការចេះចាំរបស់លោកការវេចនំអន្សម នំគម នំបត់ គឺមានអត្ថន័យ តំណាងឲ្យអ្វីៗផ្សេងៗគ្នាទៅតាមការយល់ឃើញរបស់ដូនតាខ្មែរតាំងអំពីបុរាណសម័យមក ហើយបើនិយាយឲ្យត្រូវនឹងពុទ្ធសាសនាគឺមិនសូវជាត្រូវប៉ុន្មានទេ ប៉ុន្តែបើនិយាយពីព្រហ្មញ្ញវិញ គឺត្រូវជាង ដោយសារតែពីសម័យដើមនោះ បើនំអន្សម យើងគិតថាជាតំណាងឲ្យលិង្គរបស់ព្រះឥសូរ ឯនំគោម យើងគិតថាជាតំណាងឲ្យយោនីរបស់នាងឧមា ក៏ប៉ុន្តែមើលទៅរៀងថាពាក្យហ្នឹងវាមិនសូវជាទូលំទូលាយបានជាយើងយកមកគិតក្នុងពុទ្ធសាសនាវិញ ដោយអន្សមតំណាងឲ្យភាពសាមគ្គីរឹងមាំ ឯនំគោម យើងប្រដូចទៅនឹងភាពខ្ពង់ខ្ពស់មានន័យថាដូចភ្នំព្រះសុមេរុអ៊ីចឹង។ មួយជាន័យធៀប មួយជាន័យចំ ហើយអ្វីទាំងអស់ហ្នឹងសរុបមកវិញគឺបង្ហាញអំពីអត្តសញ្ញាណជាតិរបស់យើងតែម្តង គឺរៀងរាល់ភ្ជុំបិណ្ឌកម្ពុជាទាំងមូលតាមបណ្តាវត្តអារាម នៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធពិធីនេះ ដោយយើងបានឃើញនំអន្សម នំគម នំបត់នៅតាមបណ្តាវត្តតាំងតែអំពីថ្ងៃបិណ្ឌទីមួយរហូតដល់ថ្ងៃបុណ្យភ្ជុំធំ។ លោក ឈឿន សូរិយា បានបន្ថែមថា ការវេចនំអន្សម នំគម និងនំបត់ គឺជាប្រពៃណី និងជាវប្បធម៌ មួយរបស់ខ្មែរ ដែលកើតមានឡើងនៅលើទឹកដីសុវណ្ណភូមិមួយនេះតាំងពីយូរណាស់មកម៉្លេះ។

លោកបានបន្តថា ការវេចនំអន្សម នំគម និងនំបត់គឺមានអត្ថន័យធំធេងចំពោះការជួបជុំគ្រួសារ ដោយសកម្មភាពវេចនំនៅមុនថ្ងៃភ្ជុំធំ គឺជាពេលវេលាដែលសមាជិកគ្រួសារ ជីដូន ជីតា ឪពុកម្តាយ និងកូនចៅ អង្គុយជុំគ្នា ជួយកាត់ស្លឹកចេក លាងអង្ករ ឆាស្នូល និងវេចនំយ៉ាងសប្បាយរីករាយ។ ដោយឡែកចំពោះជំនឿសាសនា និងវប្បធម៌វិញ ក្រៅពីយកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនបុព្វការីជនដែលបានចែកឋានទៅ នំទាំងនេះក៏ជានិមិត្តរូបនៃភាពស៊ីសង្វាក់គ្នារវាងធាតុប្រុស និងធាតុស្រី (អន្សម និងនំគម) តាមអរិយធម៌ និងព្រហ្មញ្ញសាសនាដែលបន្សល់ទុករហូតមកដល់ពុទ្ធសាសនាបច្ចុប្បន្ន។ លោកថា ការវេចនំទាំងអស់នេះគឺបានប្រើប្រាស់កសិផលដែលកសិករខ្មែរចិញ្ចឹម និងដាំដុះបានយ៉ាងក្រាសក្រែលនៅក្នុង១ ឆ្នាំៗ ដែលមានដូចជា អង្ករដំណើប ដូង ស្លឹកចេក ផ្លែចេក សណ្តែកខៀវ ខ្សែចំណង សាច់ជ្រូកបីជាន់ជាដើម។ល។

ទាក់ទងនឹងពិធីភ្ជុំបិណ្ឌនេះ លោក ឈឿន សូរិយា បានលើកឡើងថា បើនិយាយឲ្យធំទៅ គឺសឹងតែធំជាងពិធីបុណ្យចូលឆ្នាំទៀត ព្រោះវាមានរយៈពេលដល់ទៅ ១៥ថ្ងៃ ហើយពិធីភ្ជុំបិណ្ឌនេះទៀតសោត គឺជាពិធីមួយដែលសបញ្ជាក់អំពីវប្បធម៌ ប្រពៃណីដ៏ច្រើន ដែលបានបញ្ជ្រាបទៅដល់កុលបុត្រកុលធីតានៃកម្ពុជារដ្ឋរបស់យើងឲ្យយល់អំពីតម្លៃនៃប្រពៃណី វប្បធម៌របស់ខ្មែរផងដែរ៕

ដោយ៖ ចាន់ សុភឿន





