ប្រតិភូក្រសួងរៀបចំដែនដីអញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកងទ័ពជើងគោក នាឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកងទ័ពជើងគោក នាឱកាសបុណភ្ជុំបិណ្ឌ នាថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២៦នេះ។
.
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម តឹករ៉េត សំរេច និងប្រតិភូអមដំណើរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដឹកនាំប្រតិភូចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជារៀងរាល់រដូវបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រតិភូដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុកការអញ្ជើញការចុះសាកសួរសុខទុក្ខ និងសំណេះសំណាលរបស់ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាឱកាសនេះ មិនត្រឹមតែបានផ្តល់នូវមហាកិត្តិយសដ៏ថ្លៃថ្លាដល់បញ្ជាការដ្ឋានកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសបញ្ជាក់នូវការយកចិត្តទុកដាក់ និងផ្តល់នូវភាពកក់ក្តៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ដែលជាធនធានការពារជាតិដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែក និងការផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយ សមរភូមិក្រោយ ធ្វើឱ្យខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរឹងមាំ។
ឯកឧត្តម តឹករ៉េត សំរេច បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាង ជ្រាលជ្រៅបំផុតពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ។ ក្នុងឱកាសនារដូវពិធីបុណ្យកាន់បិណ្ឌ-ភ្នំបិណ្ឌនេះ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ សុខភាពល្អ បរិបូរណ៍ និងកម្លាំងមាំមួន ដល់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ។
ឯកឧត្តម តឹករ៉េត សំរេច បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ភាពអង់អាចក្លាហាន និងភាពស្មោះត្រង់ឥតងាករេ របស់កងទ័ព ដែលឈរជើងទាំងយប់ទាំងថ្ងៃ ការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ។

ឯកឧត្តម តឹករ៉េត សំរេច ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ សូមឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងទឹកដីមាតុភូមិ ព្រមទាំងសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ យោធិនពិការ និងក្រុមគ្រួសារវីរយុទ្ធជនទាំងអស់។ “គុណបំណាច់នេះ ត្រូវបានចារទុកក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





