អភិបាលរងខេត្តបន្ទាយមានជ័យចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៣៨គ្រួសារនៅស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារទស្សនៈពិភពលោកកម្ពុជា(World Vision Cambodia)ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានបញ្ជាក់ថា ការចុះមកដល់មូលដ្ឋានដោយផ្ទាល់ គឺដើម្បីពិនិត្យមើលស្ថានភាពទឹក និងផលប៉ះពាល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងស្វែងយល់ពីតម្រូវការចាំបាច់នានា ដើម្បីឱ្យអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធអាចចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា និងសមស្របទៅតាមស្ថានភាពជាក់ស្តែង។

លោកអភិបាលរងខេត្តបានលើកឡើងថា ក្នុងស្ថានភាពដែលប្រជាពលរដ្ឋជួបប្រទះនឹងគ្រោះធម្មជាតិ ជាពិសេសបញ្ហាទឹកជំនន់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ផ្តល់ការណែនាំអំពីការប្រុងប្រយ័ត្ន និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង។
លោក ឃ្លោក នួយ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដោយការផ្តល់ជំនួយមិនត្រឹមតែជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងពេលបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្ន តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព ព្រមទាំងត្រៀមលក្ខណៈផ្លាស់ទីទៅកាន់ទីទួល ឬទីសុវត្ថិភាព ក្នុងករណីស្ថានភាពទឹកកើនឡើងខ្លាំង។

ការចុះពិនិត្យ និងចែកជំនួយនេះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបប្រទះនឹងការលំបាកដោយសារគ្រោះធម្មជាតិ។ ការចុះទៅដល់តាមខ្នងផ្ទះ បានធ្វើឱ្យការជួយសង្គ្រោះ និងការស្តាប់ពីបញ្ហារបស់ប្រជាពលរដ្ឋ កាន់តែមានភាពជិតស្និទ្ធ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។
ជាមួយគ្នានេះ ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ចំនួន១០មុខ ទៅចែកជូនប្រជាពលរដ្ឋសរុបចំនួន ២៣៨គ្រួសារ នៅក្នុងមូលដ្ឋានស្រុកមង្គលបូរី រួមមាន ភូមិតាឡំ និងភូមិបន្ទាយនាង។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស សាប៊ូកក់សក់១ដប សាប៊ូដុសខ្លួន១ដប ច្រាសដុសធ្មេញ និងសាប៊ូវីសូ៤គីឡូក្រាម។

សកម្មភាពនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខណៈការចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ ក៏បានផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋថា ក្នុងគ្រប់ស្ថានភាពលំបាក ពួកគាត់នៅតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ៕
ដោយ ឈុន សារ៉ាត





