សមាគមភស្តុភារកម្មកម្ពុជាត្អូញត្អែរពីការចំណាយខ្ពស់នៃការដឹកជញ្ជូន ដែលកើតចេញពីវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--វិស័យដឹកជញ្ជូនបានត្អូញត្អែរពីការចំណាយខ្ពស់នៃការដឹកជញ្ជូន ដែលកើតចេញពីវិបត្តិនៃការឡើងថ្លៃនៃប្រេងឥន្ធនៈដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលធ្វើឱ្យមានការប៉ះពាល់ជាសកលចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយដែលវិបត្តិមួយនេះគ្មាននរណាម្នាក់អាចដឹងបានថានឹងត្រូវចប់នៅពេលណាឡើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសនៃការចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា តាំងពីមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់មក ជាពិសេសការបិទច្រកសមុទ្រដែលជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់បានធ្វើឱ្យរំខានដល់ការដឹកជញ្ជូនក្នុងនោះមានការដឹកជញ្ជូនប្រេងឥន្ធនៈ ដែលជាថាមពលដ៏សំខាន់របស់ពិភពលោក វាបានក្លាយជាវិបត្តិសកលមួយដែលកំពុងតែញាំញីពិភពលោកយើងទាំងមូល។ ការនេះហើយដែលជំរុញការដឹកជញ្ជូនឡើងថ្លៃខ្ពស់ និងពុំធ្លាប់មានពីមុនមក។
លោកឧកញ៉ាបានបន្ថែមថា ការដឹកជញ្ជូនតាមជើងគោក ជើងទឹក និងជើងអាកាសសុទ្ធតែឡើងថ្លៃខ្ពស់ទាំងអស់ ដែលធ្វើឱ្យមានការចំណាយច្រើន វាប៉ះពាល់យ៉ាងធំធេងទៅដល់ការធ្វើអាជីវកម្មជាទូទៅមិនថាតែកម្ពុជាទេ គឺគ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។
លោកបានឱ្យដឹងទៀតថា នៅមុនពេលមានសង្គ្រាមការដឹកជញ្ជូនទៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ក៏ដូចជាទៅសហគមន៍អឺរ៉ុបក្នុង ១កុងតឺន័រតែជាង ៣,០០០ដុល្លារអាម៉េរិកទេ សម្រាប់កុងតឺន័រ ៤០ហ្វ៊ីត តែឥឡូវនេះវាឡើងដល់ជាង ៨,០០០ ទៅជាង ១ម៉ឺន ឬរហូតទៅដល់ ១៣,០០០ដុល្លារអាម៉េរិកឯណោះ នេះហើយដែលជាបញ្ហានាំឱ្យប៉ះពាល់ទៅដល់ការផលិត ក៏ដូចជាការយកទៅលក់នៅលើទីផ្សារផងដែរ ព្រោះថា កាលបើការដឹកជញ្ជូនឡើងថ្លៃ ការលក់ក៏ត្រូវឡើងថ្លៃ ដែលធ្វើឱ្យអ្នកទិញអាចពិបាកនឹងទិញ៕

ដោយ ចាន់ សុភឿន





