ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ហាញពីការបោះជំហ៊ានថ្មីក្នុងការសង្រ្គោះសត្វព្រៃ និងការស្តារនីតិសម្បទាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២ -- ក្នុងសេចក្តីប្រកាសរួមមួយ ដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) បានបញ្ជាក់ថា បន្ទាប់ពីរយៈពេល ២៥ឆ្នាំនៃភាពជាដៃគូប្រកបដោយវឌ្ឍនភាពក្នុងការជួយសង្គ្រោះ ការស្តារនីតិសម្បទា និងការអភិរក្សនៅកម្ពុជាកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងបោះជំហានចូលជំពូកថ្មីមួយនៃដំណើរបេសកកម្មរួមគ្នា សម្រាប់ការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ថា កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ របត់ផ្លាស់ប្តូរនេះឆ្លុះ បញ្ចាំងពីដំណើរវិវឌ្ឍរួមគ្នាឆ្ពោះទៅរកអភិបាលកិច្ចថ្នាក់ជាតិប្រកបដោយនិរន្តរភាព និងស្របទៅតាមការគ្រោងទុក ដោយមានការផ្ទេរភារកិច្ចគ្រប់គ្រងពេញលេញទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅដំណាច់ខែកញ្ញា។
ក្រសួងកសិកម្មបានឱ្យដឹងផងដែរថា ចាប់តាំងពីមានភាពជាដៃគូនេះមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរួមគ្នាអភិវឌ្ឍន៍ជំនាញបច្ចេកទេសក្នុងស្រុក ដោយបង្កើតស្តង់ដារដ៏រឹងមាំក្នុងការសង្គ្រោះ ការស្តារនីតិសម្បទា និងការថែទាំសុខភាពសត្វព្រៃ។ ស្ថាប័នទាំងពីរមានជំហររួបរួមគ្នាប្រកបដោយទំនុកចិត្តខ្ពស់ថា សកម្មភាពការងារដ៏សំខាន់ទាំងនេះនឹងរីកចម្រើននៅក្រោមការគ្រប់គ្រងពេញលេញរបស់កម្ពុជា ក្រោមក្របខ័ណ្ឌរដ្ឋបាល និងថវិកាជាតិ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងរួមគ្នាកន្លងមក។
ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ការវិនិយោគសរុបចំនួន ១៥.២០៧.៣៥៨ដុល្លារអាម៉េរិក ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ។ ធនធានទាំងនេះបានគាំទ្រដល់តម្រូវការប្រតិបត្តិការចាំបាច់ រួមមានអាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វឯកទេស ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីស្តារនីតិសម្បទា និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗ ដូចជាឧបករណ៍ចម្រោះទឹក និងរបងព្រំប្រទល់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថានីយ៍ដោះលែងសត្វព្រៃនៅខេត្តកោះកុង និងបណ្តាទីតាំងអភិរក្សនៅតំបន់អង្គរ និងតំបន់ប្រាំបីមុំ។
គួរបញ្ជាក់ថា បើយោងតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំប្រតិបត្តិការស្នូលចាប់ពីពេលនេះតទៅ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងតំបន់ព្រៃឈើដ៏សំខាន់ៗ រួមមានគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំកុស ដើម្បីការពារជម្រកសត្វព្រៃដែលចាំបាច់ដល់ការរស់រានមានជីវិតជាយូរអង្វែងសម្រាប់សត្វព្រៃដែលត្រូវបានសង្គ្រោះ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀតក្នុងប្រទេសកម្ពុជា៕



ដោយ៖ មករា





