ក្រសួងការងារ និងគម្រោង ILO-Korea ពង្រឹងការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ សម្រាប់គ្រឹះស្ថាន TVET
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦---
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការក្រោមគម្រោងភាពជាដៃគូរវាងអង្គការអន្តរជាតិខាងការងារនិងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះ បណ្តាលស្តីពី “ការលើកកម្ពស់សមត្ថ ភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ ។
វគ្គបណ្តុះបណ្តាលមានសិក្ខាកាមសរុបចំនួន ២៨នាក់មកពីគ្រឹះស្ថាន TVET ចំនួន១៤ ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Hochul Shin ប្រធានទីប្រឹក្សាបច្ចេកទេស នៃគម្រោង ILO-Korea។


ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លឹម ស៊ុយហុង បានគូស បញ្ជាក់ថា សម្រាប់វិស័យ TVET សុវត្ថិភាពនិងសុខភាពការងារពិតជាមានសារៈសំខាន់ ពីព្រោះការបណ្តុះ បណ្តាលជំនាញបច្ចេកទេសអាចមានការអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបក រណ៍អគ្គិសនី សារធាតុគីមី ឧបករណ៍កាត់ ឧបករណ៍ផ្សារ ឧបករណ៍សំណង់ ជាពិសេសនៅពេលសិស្សបញ្ចប់ការសិក្សានិងចូលទៅទីផ្សារការងារ។ ប្រសិនបើសិស្សមិនទទួលបានចំណេះដឹងជាមុន និងការអនុវត្តត្រឹមត្រូវអំពីវិធានការសុវត្ថិភាព ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ក្នុងអំឡុងពេលហ្វឹកហាត់ និងនៅពេលបំពេញការងារ។ ការណ៍នេះ មិនត្រឹមតែជួយការពារសិស្ស និងគ្រូនៅក្នុងគ្រឹះស្ថានបណ្តុះ បណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរៀបចំសិស្សឱ្យមានទម្លាប់ និងវប្បធម៌សុវត្ថិភាពមុនពេលចូលបម្រើការងារផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថាន TVET រៀបចំផែនការសកម្មភាពបន្តបន្ទាប់ពីវគ្គបណ្តុះបណ្តាល ដើម្បីធានាថាចំណេះដឹងដែលទទួលបានមិនត្រូវបញ្ចប់ត្រឹមក្នុងបន្ទប់បណ្តុះបណ្តាលទេ។ គ្រឹះស្ថានអាចបន្តរៀបចំការផ្សព្វផ្សាយអំពីការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ការត្រួតពិនិត្យបរិយាកាសបណ្តុះបណ្តាល និងការបញ្ចូលខ្លឹមសារសុវត្ថិភាព និងសុខភាពការងារក្នុងមេរៀន និងការអនុវត្តជំនាញជាប្រចាំ។


ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាពនិងសុខភាពការងារ គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស និងអនាគតនៃកម្លាំងពលកម្ម។ ការបង្ការគ្រោះថ្នាក់ និងជំងឺវិជ្ជាជីវៈ មិនត្រឹមតែជួយការពារជីវិត និងសុខភាពរបស់កម្មករនិយោជិត និងសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើនទំនុកចិត្តរបស់និយោជកនិងអ្នកធ្វើការផងដែរ។

ជាមួយគ្នានេះ លោក Hochul Shin ប្រធានទីប្រឹក្សាបច្ចេកទេស នៃគម្រោង ILO-Korea មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូដែលមកចូលរួមវគ្គនឹងរួមចំណែកយ៉ាងសំខាន់លើការរៀបចំផែនការសកម្មភាព និងកម្មវិធីសិក្សា ដើម្បីបញ្ជ្រាបវប្បធម៌សុវត្ថិភាពនិងសុខភាពការងារទៅដល់សិស្ស TVET ដោយហេតុថា “សុវត្ថិភាពគឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ” ហើយអ្នកដែលមានជំនាញល្អ មិនមែនគ្រាន់តែធ្វើការបានលឿន ឬបានត្រឹមត្រូវតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការដោយមានសុវត្ថិភាព ការពារខ្លួនឯង ការពារមិត្តរួមការងារ និងការពារអ្នកដទៃនៅជុំវិញខ្លួនផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសួងការងារ





