ទូកនេសាទមួយបានលិចនៅក្បែរកោះជេជូ ដោយមានមនុស្ស ៩នាក់ត្រូវបានជួយសង្គ្រោះ និង ២នាក់ទៀតកំពុងបាត់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ទូកនេសាទមួយគ្រឿងដែលមានមនុស្ស ១១នាក់នៅលើនោះបានក្រឡាប់នៅក្នុងដែនទឹកក្បែរកោះទេសចរណ៍ ជេជូ នៅភាគខាងត្បូងកាលពីថ្ងៃចន្ទ ដោយមនុស្ស ៩នាក់ត្រូវបានជួយសង្គ្រោះ និង ២នាក់ទៀតកំពុងបាត់ខ្លួន។
យោងតាមកងការពារឆ្នេរសមុទ្រកោះជេជូ បានឱ្យដឹងថា ទូកនេសាទប្រភេទ longline ទំហំ ២៩តោនដែលធ្វើប្រតិបត្តិការនៅតំបន់ឆ្នេរនោះ បានក្រឡាប់នៅក្នុងដែនទឹកចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគពាយព្យនៃកោះឆាកវី នៅវេលាម៉ោង ៣:០៤នាទីព្រឹក។
ទូកនេសាទដែលនៅក្បែរនោះបានជួយសង្គ្រោះសមាជិកនាវិកបរទេសចំនួន ៩នាក់ដែលក្នុងនោះមានជនជាតិឥណ្ឌូណេស៊ី ៨នាក់ និងជនជាតិវៀតណាមម្នាក់។ សមាជិកនាវិកដែលត្រូវបានជួយសង្គ្រោះទាំងនោះមានសុខភាពល្អជាធម្មតា។
យោងតាមកងការពារឆ្នេរសមុទ្របានឱ្យដឹងថា មនុស្ស ២នាក់ទៀតរួមមានប្រធាននាវាជនជាតិកូរ៉េខាងត្បូង និងសមាជិកនាវិកជនជាតិឥណ្ឌូណេស៊ីម្នាក់ នៅតែបន្តបាត់ខ្លួន។
អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រ និងនាវាល្បាតទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ ពួកគេបានបន្ថែមថា នាវាកងទ័ពជើងទឹកមួយគ្រឿង និងទូកនេសាទរបស់ពលរដ្ឋមួយចំនួនទៀត ក៏ត្រូវបានចល័តទៅចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
នាយករដ្ឋមន្ត្រី លោក ហាន់ ស៊ុងស៊ូក (Han Seong-sook) បានបញ្ជាឱ្យអាជ្ញាធរចល័តកម្លាំងមនុស្ស និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
លោក ហាន ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណអ្នកដែលបាត់ខ្លួន ដោយផ្ទៀងផ្ទាត់ចំនួនមនុស្សនៅលើទូកឱ្យបានត្រឹមត្រូវ និងបានជំរុញឱ្យអាជ្ញាធរធានាសុវត្ថិភាពរបស់បុគ្គលិកជួយសង្គ្រោះ ដោយគិតគូរពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់នោះ។
ទូកនេះបានរាយការណ៍ថាមានមនុស្ស ៨នាក់នៅលើទូកនៅពេលដាក់របាយការណ៍ចេញដំណើរ ប៉ុន្តែអាជ្ញាធរបានរកឃើញថាជាក់ស្តែងមានមនុស្ស ១១នាក់នៅលើទូកនោះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





