តម្លៃប្រេងឥន្ធនៈនៅប្រទេសនូវែលសេឡង់បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីមានជម្លោះនៅតំបន់មជ្ឈិមបូព៌ាមក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- យោងតាមគេហទំព័រតាមដានតម្លៃប្រេងឥន្ធនៈ Gaspy បានឱ្យដឹងថា តម្លៃប្រេងសាំងនៅក្នុងប្រទេសនូវែលសេឡង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាមក។
លោក មៃ ញ៉ូតុន (Mike Newton) នាយកក្រុមហ៊ុន Gaspy បានប្រាប់វិទ្យុ Radio New Zealand (RNZ) ថា កាលពីថ្ងៃចន្ទ គេហទំព័រGaspy បានបង្ហាញតម្លៃមធ្យមនៃប្រេងសាំងគ្មានជាតិសំណ (unleaded) ប្រភេទ 91-octane ក្នុងតម្លៃ ៣,៥០៥ដុល្លារនូវែលសេឡង់ (ប្រហែល ១,៩៦ដុល្លារអាម៉េរិក) ក្នុងមួយលីត្រ ដែលខ្ពស់ជាងបន្តិចធៀបនឹងតម្លៃ ៣,៥០២ដុល្លារនូវែលសេឡង់ក្នុងមួយលីត្រ ដែលធ្លាប់បានកត់ត្រានៅអំឡុងពេលកម្រិតខ្ពស់បំផុតនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា កាលពីខែមេសា។
ការកើនឡើងចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីរយៈពេលដ៏យូរដែលតម្លៃប្រេងឆៅប្រភេទ Brent នៅតែបន្តស្ថិតក្នុងកម្រិតលើសពី១០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ កាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅ Brent ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១០១,៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។
របាយការណ៍របស់វិទ្យុ RNZ បានឱ្យដឹងថា ប្រាក់ដុល្លារនូវែលសេឡង់ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរក្នុងរយៈពេលពីរខែចុងក្រោយនេះដោយបានធ្លាក់ចុះប្រហែល ៧% ចាប់តាំងពីខែសីហាមក មកនៅត្រឹមប្រហែល ៥៥,៨ សេនអាម៉េរិក ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ។
ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារនូវែលសេឡង់ធ្វើឱ្យប្រេងឥន្ធនៈនាំចូលមានតម្លៃថ្លៃជាងមុន ដែលជាកត្តារួមចំណែកបង្កើនសម្ពាធឱ្យតម្លៃប្រេងសាំងកើនឡើងខ្ពស់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





