ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ បានឯកភាពចុះ អនុស្សរណៈនៃការយោគយល់ ស្ដីពីអនុវត្ដគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាមតម្លៃ៨លានដុល្លារ
AKP ភ្នំពេញ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦– អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម តម្លៃ៨លានដុល្លារ ជាជមនួយរបស់ភាគីវៀតណាម ត្រូវបានចុះហត្ថលេ ខា នៅទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។

លោកស្រីបានបន្តថា៖ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ "សាលាមិត្តភាពកម្ពុជា-វៀតណាម" រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន ០១ សម្រាប់សាលាបឋមសិក្សានិងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន ០១ បន្ទប់កុំព្យូទ័រចំនួន ០១ សម្រាប់សាលាអនុវិទ្យាល័យ ជួស ជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន០១ (សម្រាប់សាលាទាំងពីរថ្នាក់) ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។
ឯកឧត្តមឧត្តមសេនីយ៍ត្រី ក៏បានបន្ថែមទៀតថា គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន៨លាន ដុល្លារ អាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជា ការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកសាងសង់និងចំណាយ ។ ជាមួយគ្នាដែរដើម្បីឱ្យគម្រោងអាចដំណើរ ការទៅដោយរលូន ឯកឧត្តមឧត្តមសេនីយ៍ត្រីក៏បានស្នើសុំការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ លើការងារចាំបាច់មួយចំនួនផងដែរ។

លោកស្រីបានបញ្ជាក់ថា៖ ជាកិច្ចឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសិទ្ធិប្រទាន បានជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍ត្រីថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារចាំបាច់មួយចំនួនរួមមាន៖ ការរុះរើអគារចាស់ការរៀបចំការដ្ឋាន ការតប្រព័ន្ធទឹក ភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃអនុវត្តគម្រោងសាងសង់នេះ បើទោះបី ជាអនុស្សរណៈនៃការយោគយល់គ្នាលើការអនុវត្តគម្រោងនេះនៅមិនទាន់បានចុះហត្ថលេខាក៏ដោយ ហើយ ឯកឧត្តមផ្ទាល់ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ជួយជំរុញឱ្យដំណើរការ នៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោង ទុកផងដែរ ។
លោកស្រីបន្ថែមទៀតថា៖ ជាមួយគ្នានេះ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអរគុណ ចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសម្របសម្រួល និងផ្តល់នូវជំនួយសាងសង់សាលារៀនប្រកបដោយស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។

សាលាមិត្តភាពកម្ពុជា-វៀតណាម” គឺមិនត្រឹមតែបាន រួមចំណែកបម្រើដល់វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរ ពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អស្របតាម ទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង”។
សូមបញ្ជាក់ថា៖ គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរា ជាចក្រកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រ ធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរា ជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២៦កន្លងរួចមកហើយដែរ ៕
ដោយ៖ សួស សំរិត





