ឯកឧត្តម អឿង ចន្ថាដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាមួយក្រុមការងារធនាគារពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន ក្នុងក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ជាមួយក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក (World Bank) ដឹកនាំដោយលោក Michael Webster នាយកប្រតិបត្តិការនៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

នាថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងរៀបចំផែនការសកម្មភាពបន្តឱ្យកាន់តែមានភាពច្បាស់លាស់ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ដោយប្រកាន់ខ្ជាប់នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ឯកឧត្តមសង្កត់ធ្ងន់ថា លទ្ធផល និងអនុសាសន៍នៃកិច្ចប្រជុំនេះ ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តគម្រោងឱ្យចំទិសដៅ ដើម្បីលើកកម្ពស់ការគ្រប់គ្រងវិស័យធនធានទឹក ឧតុនិយម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





