ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង១៨០គ្រួសារ នៅឃុំឈើតុំ ស្រុកក្រគរ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--លោកហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ១៨០គ្រួសារ នៅឃុំឈើតុំ ស្រុកក្រគរ។
ក្នុងឱកាសនោះ លោក ហៀម ឃួន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។


លោក ហៀម ឃួនបន្តថា៖ អំណោយទាំងនេះ ទោះបីមានចំនួនមិនច្រើនក្តី ប៉ុន្តែជាការចូលរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ។ កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះ ដោយមិនរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះ ក្រុមការងារបានផ្សព្វផ្សាយនូវសារអប់រំ មួយចំនួន និងផ្តាំផ្ញើឱ្យមានការថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត បន្ថែមពីនេះ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ សូមកាត់បន្ថយការបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសាស្រា ភេសជ្ជៈកំប៉ុង និងចូលរួមថែរក្សាអនាម័យទាំងអស់គ្នាផងដែរ។


អំណោយផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ ។ ជាមួយគ្នានោះ ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃគង់នៅវត្តសាមតីរង្សី ហៅវត្តទឹកចេញ ឃុំឈើតុំ ប្រគេនអង្ករ ៦០គីឡូក្រាម, មី៣កេស, ទឹកត្រី៣យួរ, និងបច្ច័យ ២០ម៉ឺនរៀលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





