កម្ពុជា វៀតណាមជួបប្រជុំប្រចាំឆ្នាំ២០២៦ សំដៅបង្កើនកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញការពារព្រំដែន
AKP សៀមរាប ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកម្ពុជា បានជួបប្រជុំគ្នា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ក្រុងសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ស្ថិតក្រោមការដឹកនាំពីសហប្រធាន ឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


កិច្ចប្រជុំប្រចាំឆ្នាំរវាងកម្ពុជា វៀតណាមនេះ បានបង្កើតចំណងទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សំដៅគាំទ្រ កសាង និងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ឲ្យមានការឈានឡើងស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន។ ហើយភាគីទាំងពីបានទទួលយកនូវសំណូមពររវាងគ្នានិងគ្នាថា នឹងគាំទ្របង្កើនកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានការពារព្រំដែនវៀតណាម ជាមួយមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការងារបណ្តុះបណ្តាល បំប៉ន ផ្លាស់ប្តូរបទពិសោធន៍ វិធីសាស្ត្របង្រៀន និងជំនាញតាមរយៈកិច្ចការងារទាំងនោះ សម្រាប់លើកស្ទួយសមត្ថភាព គុណភាព ជូនក្រុមយោធាចារ្យរបស់អង្គភាពទាំងពីរ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ទោ ស៊ិន សុខា បានលើកឡើងថា ស្ថិតក្នុងស្ថានការណ៍សន្តិសុខតំបន់និងសកលលោកដ៏លំបាកនិងស្មុគស្មាញ ព្រះរាជាណាចក្រកម្ពុជា មានសុឆន្ទៈនិងជំហររឹងមាំក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួនដែលឲ្យតម្លៃទៅលើ សន្តិភាព អព្យាក្រឹតភាព ការគោរពនិងយោគយល់គ្នា មជ្ឍភាពអាស៊ាន និងប្រកាន់ខ្ជាប់ជានិច្ចនូវច្បាប់អន្តរជាតិ។ ហើយការដោះស្រាយ ប្រយុទ្ធប្រឆាំងរាល់បញ្ហាសន្តិសុខ ចាំបាច់ត្រូវមានការចូលរួមនិងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាមិត្ត ជាពិសេសការរឹតចំណងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម៕

ដោយ ហង្ស សៀក





