សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងទទួលលោក ស្រា ទ្រី យោធិនរងរបួសក្នុងសមរភូមិ ដែលមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យអង្គឌួង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះទៅទទួលផ្ទាល់ និងសួរសុខទុក្ខលោក ស្រា ទ្រី យោធិនរងរបួសក្នុងសមរភូមិ ដែលត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជ្រាបអំពីស្ថានភាព និងប្រវត្តិរបស់លោក ស្រា ទ្រី ដែលជាយោធិនមួយរូប មានស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប ដែលបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរក្នុងសមរភូមិ ពេលជម្លោះព្រំដែននាកន្លងមក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែង យកចិត្តទុកឌាក់ ចាត់ចែងឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា ចុះជួយឧបត្ថម្ភជាបន្តបន្ទាប់។ ជាជំហានដំបូង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះទៅដល់ផ្ទះរបស់លោក ស្រា ទ្រី ដោយបាននាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនជូនដល់គ្រួសារ ដើម្បីជួយសម្រាលជីវភាពរស់នៅ។

រហូតមកដល់ថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ និងក្តីបារម្ភយ៉ាងខ្លាំងពីសម្តេចប្រធាន ដើម្បីឱ្យរូបលោកឆាប់បានជាសះស្បើយ កាកបាទក្រហមកម្ពុជាបានសម្រួល និងទទួលបន្តការមើលថែទាំព្យាបាលលោក ស្រា ទ្រី នៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។ បច្ចុប្បន្ន លោក ស្រា ទ្រី កំពុងតែត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យតាមដានស្ថានភាពសុខភាពយ៉ាងយកចិត្តទុកដាក់។

លោក ស្រា ទ្រី ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ អាណិតអាសូរ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងយោធិនរងរបួស/ពលី ដោយបានផ្តល់ទាំងអំណោយ ស្បៀងអាហារ ថវិកា និងការជួយសង្គ្រោះព្យាបាលភ្លាមៗនាពេលនេះ។
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





