មន្ត្រីអប់រំជំរុញយុវសិស្សពង្រឹងការគិតវិភាគ និងផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គមឌីជីថល
AKP សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--មន្ត្រីអប់រំខេត្តសៀមរាប បានលើកទឹក ចិត្តដល់យុវសិស្សឱ្យពង្រឹងសមត្ថភាពគិតវិភាគ ជជែកដេញដោលប្រកបដោ យហេតុផល និងភស្តុតាង ព្រមទាំងមានស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងប៉ះពាល់ដល់បរិយាកាសសង្គម។ នេះ ជាការឡើងរបស់លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ក្នុងពិធីប្រកួតជជែកដេញដោលយុវសិស្សកម្រិត មធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម» នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

លោក ញឹក សាគុណ បានលើកឡើងថា ការប្រកួតជជែកដេញដោលមិនមែនគ្រាន់តែជាការប្រកួតដើម្បីស្វែងរកជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់សម្រាប់បណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាពគិតពិចារណាស៊ីជម្រៅ គិតបែបវិភាគ ស្រាវជ្រាវព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន និងចេះរៀបចំអំណះអំណាងដោយផ្អែកលើហេតុផល និងភស្តុតាងច្បាស់លាស់។

លោកបានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ពង្រឹងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងជឿ ចែករំលែក ឬផ្សព្វផ្សាយបន្ត ជាពិសេសព័ត៌មានដែលទទួលបានតាមបណ្តាញសង្គម ដើម្បីការពារបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងការទទួល ខុសត្រូវក្នុងសង្គម។

លោកបានបន្ថែមថា ក្នុងយុគសម័យឌីជីថល ព័ត៌មានអាចត្រូវបានផលិត និងចែកចាយយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយុវជនមានជំនាញក្នុងការវិភាគ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាន មុននឹងយកទៅប្រើប្រាស់ ឬធ្វើជាអំណះអំណាង។

ជាមួយគ្នានេះ លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសិស្សានុសិស្សក្នុងការបញ្ចេញមតិ ការស្រាវជ្រាវ និងការគិតបែបស៊ីជម្រៅ ព្រមទាំងជ្រើសរើសក្រុមឆ្នើមតំណាងឱ្យខេត្តសៀមរាប ទៅចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រុមសាលាសុវណ្ណភូមិ១៨ (ក្រុមស្រប) បានប្រកួតជាមួយក្រុមវិទ្យាល័យ ហ៊ុន សែន រុនតាឯក (ក្រុមបដិសេធ) លើប្រធានបទស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ ជាលទ្ធផល ក្រុមវិទ្យាល័យ ហ៊ុន សែន រុនតាឯក ទទួលបានជ័យលាភីលេខ១ និងក្លាយជាតំណាងខេត្តសៀមរាប ដើម្បីឡើងទៅប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនាពេលខាងមុខ៕
ដោយ៖ ឃុត សៅ





